អត្ថបទ៖ នួន សត្យា

៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២០ គឺជាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងប្រដាប់អាវុធទាំង ៣ប្រភេទ បានអញ្ជើញចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃការដណ្តើមបានឯករាជ្យសម្រាប់កម្ពុជានៅមុខសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីមហាជនជាច្រើនទៀត។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា
ថ្ងៃនេះកាលពី ៦៧ ឆ្នាំមុន ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ កងជីវពលក្នុងព្រះរាជបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សី ហនុ ព្រះមហាវីរក្សត្រ ព្រះវីររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរដ្ឋនកោដ្ឋ ក្នុងការទាមទារឯករាជ្យពីអានិគមនិយមបារាំង។

ឯកឧត្តម អភិបាលខេត្តបានថ្លែងបន្តថា ពេលវេលាបានកន្លងទៅជាង ៦០ឆ្នាំហើយ ប៉ុន្តែប្រជានុរាស្ដ្រទូទាំងនគរ នៅតែចងចាំជានិច្ច នឹងបានចារទុក ក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិ នូវមហា ករុណាទិគុណ ប្រកបដោយ ព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា សម្ដេចព្រះនរោត្ដម សី ហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីថ្លៃថ្នូរ សេចក្តីសុខសាន្ត និងការរីកចម្រើន នៃសង្គមជាតិ ។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបែកបាក់គ្នា ឬអ្នកមាននិន្នាការនយោបាយផ្សេង ឱ្យរូបរួមគ្នាចូលរួម បម្រើប្រជារាស្ត្រ អស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយមដែលជាស្នាមព្រហស្ថ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសព្រះអង្គបាន ត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ សម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលប្រជារាស្ត្រជំនាន់ក្រោយ ពិសេសថ្នាក់ដឹកនាំ និងអ្នកនយោបាយតែងដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះ រហូតមក។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ក្រោយពេលទទួលបានឯករាជ្យប្រទេសកម្ពុជាយើង មានការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែជាអកុសល ក្រោយពេលរដ្ឋប្រហារ ១៨ មីនាឆ្នាំ ១៩៧០ ធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល រ៉ាំរ៉ៃជិត ៣ ទសវត្សរ៍ ប្រទេសជាតិជួបប្រទះតែអសន្តិសុខ នឹងទទួលរងការបំផ្លិចបំផ្លាញលើគ្រប់វិស័យ ។ ប៉ុន្តែបន្ទាប់មក ក្រោមនយោបាយឈ្នះឈ្នះ នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញ នឹងមានឱកាសនៃការអភិវឌ្ឍប្រទេសជាតិចាប់ពីចំណុចសូន្យ រហូតដល់សព្វថ្ងៃនេះ ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ជាក់ស្ដែង ដូចជាខេត្តកំពង់ចាម បានទទួលសមិទ្ធផលដូចជា ស្ពានគឺហ្សូណា ឆ្លងកាត់ទន្លេមេគង្គ និងស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់ ស្រុកក្រូចឆ្មារ ផ្លូវជាតិលេខ ៦ លេខ ៧ និងផ្លូវគមនាគមន៍ខ្វាត់ខ្វែង គ្រប់ច្រកល្ហក សាលារៀន វត្តអារាម មន្ទីរពេទ្យ រោងចក្រសហគ្រាសជាដើម ។ ល។ ដែលសមិទ្ធផលទាំងអស់នេះ កើតឡើងទៅបាន ដោយសារកត្តាសុខសន្តិភាព ។ កត្តាសន្តិភាព ស្ថេរភាពសង្គម បានបង្កើតទំនុកចិត្ត ឲ្យអ្នកវិនិយោគ មកដាក់ទុន បង្កើតរោងចក្រសហគ្រាសតូច ធំ ក្នុងខេត្តកំពង់ចាម ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណជាង ៣ម៉ឺននាក់ និងបានបង្កើតការងារជាច្រើនកន្លែងផ្សេងទៀត ដែលជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ បង្កើនកំណើនសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។


