រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ

នួន សត្យា

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងថ្នាក់ដឹកនាំ ក្នុងខេត្តព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការគ្រប់ស្ថាប័នសរុបប្រមាណជាង ២០០នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ពេលនេះយើងទាំងអស់គ្នាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាបុណ្យ
ឯករាជ្យជាតិ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់អាវុធក្នុងព្រះរាជបេសកកម្ម ដ៏ឧត្តុង្គឧត្តមព្រះករុណា
ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏
ខ្ពង់ខ្ពស់ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣។

ឯកឧត្តមបានថ្លែងបន្តថាខ្ញុំសូមគោរពដឹងគុណ និងចងចាំជានិច្ចនូវពលិកម្មដ៏ឧត្តុង្គឧត្តមរបស់វីរៈយុទ្ធជនវីរៈយុទ្ធនារីដ៏អង់អាចក្លាហាន របស់កម្ពុជាដែលបានពលីជីវិតដើម្បីជាតិសាសនា និងព្រះមហាក្សត្រ និងសូមសំដែងនូវការគោរពដឹងគុណជូនចំពោះនាយទាហានពលទាហាននៃកងយោធពលខេមរភូមិន្ទដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរដែលនៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលពេញពិភពលោកយើងនេះដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាយើងក៏បានឆ្លងរីករាលនៃជំងឺកូវីដ-១៩ ពាសពេញប្រទេសយើងដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចប្រជាជន ទោះបីមានផលប៉ះពាល់យ៉ាងនេះក្តី ប៉ុន្តែនៅប្រទេសកម្ពុជាយើងមានមេដឹកនាំដ៏ឈ្លាសវៃតែងតែបានដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់នៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុងការកាត់បន្ថយការឆ្លងរីករាលនៃជំងឺកូវីដ-១៩
នៅក្នុងប្រទេស។

ទស្សនៈវិជ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺប្រែក្លាយការ
គំរាមកំហែងពីជំងឺកូវីដ-១៩ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសលើគ្រប់វិស័យ។ផ្ទុយទៅវិញគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាគឺបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាតាមរយៈការបង្ក
ភាពងាយស្រួលនិងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងការវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង៕

ជំងឺកូវីដ-១៩បាននាំមកនូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសាធារណៈជាពិសេស
ចំណូលរដ្ឋ។ការបាត់បង់ចំណូលបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយន្តការថ្មីៗដើម្បីកៀរគរធនធានហិរញ្ញវត្ថុដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍនាពេលអនាគត។ដើម្បីសម្រេចបានគោលដៅនេះរាជរដ្ឋាភិបាលកម្ពុជាចាប់ដៃគូរវាងវិស័យសាធារណៈនិងវិស័យឯកជនគឺជាយន្តការស្នូលមួយមិនអាចខ្វះបានដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុទាំងនៅក្នុងអំឡុងពេលនិងក្រោយវិបត្តិនេះ៕