សាច់ជ្រូកលក់នៅលើទីផ្សារគ្មានអូសត្រា មិនត្រូវទិញយកទៅបរិភោបឡើយ អាចប៉ះពាល់សុខភាព

អត្ថបទដោយ៖ អឿន ស្រួ

ដើម្បីធានាសាច់សត្វចរាចរលើទីផ្សារមានគុណភាពសម្រាប់អ្នកបរិភោប មន្ទីរកសិកម្មបានរៀបចំមន្រ្តីជំនាញបសុពេទ្យនៅគ្រប់ទីសត្តឃាតទាំងអស់ ត្រួតពិនិត្យសុខភាពសត្វមុនពេលសត្តឃាត ពិនិត្យគុណភាពសាច់ អូសត្រាសម្គាល់ និងត្រួតពិនិត្យអនាម័យលក់ដូរនៅលើទីផ្សារ។ ចំណែកសាច់គោក្របី សាច់មាន់មិនមានវ៉ៃត្រាសម្គាល់ទេ ប៉ុន្តែក៏មានមន្រ្តីជំនាញត្រួតពិនិត្យត្រឹមត្រូវ មុនអនុញ្ញាតឲ្យលក់លើទីផ្សារផងដែរ។ នេះតាមការលើកឡើង ក្នុងកម្មវិធី «សន្ទនាមតិ» វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នៅថ្ងៃទី ២៩ មេសា ឆ្នាំ២០២១ របស់មន្ត្រីបសុព្យាបាលខេត្តកំពង់ចាម។


លោក អាន ស៊ិនឡុង ប្រធានផ្នែកសុខភាពសាធារណៈនៃមន្ទីរកសិកម្មខេត្តកំពង់ចាម មានប្រសាសន៍ថា ដើម្បីធានាការត្រួតពិនិត្យគុណភាព សាច់សត្វលក់លើផ្សារមានគុណភាព មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យលើបីចំនុច សុខភាពសត្វនាំចូលមកទីសត្តឃាត អនាម័យសាច់សត្វ និង សាច់ដាក់លក់លើទីផ្សារ ហើយម្ចាស់អាជីវកម្មសត្តឃាតត្រូវមានច្បាប់ត្រឹមត្រូវ ។


លោកបន្តថា បច្ចុប្បន្ននេះ មានទីសត្តឃាតក្នុងខេត្តកំពង់ចាមមានចំនួន ៨ នៅតាមស្រុកនីមួយៗ ក្នុងខេត្តលើកលែងតែស្រុកបាធាយ និងស្រុកស្ទឹងត្រង់ ដែលមានទាន់មានទីសត្តឃាត។ លោកបន្ថែមថា ទីសត្តឃាតទាំង៨កន្លែង គឺមានច្បាប់ត្រឹមត្រូវ ដែលមានការត្រួតពិនិត្យ និង មានការអូសត្រា ដោយមន្ត្រីជំនាញ មុននាំយកលក់នៅទីផ្សារ។លោក អាន ស៊ិនឡុង បន្ថែមថា ចំពោះស្រុកបាធាយ និងស្រុកស្ទឹងត្រង់ នឹងមានទីសត្តឃាតនៅពេលឆាបៗខាងមុខនេះ។ ដោយឡែកការចរាចរលក់សាច់នៅលើទីផ្សារបច្ចុប្បន្ននៅស្រុកទាំងពីរនេះ ទោះបីមិនទាន់មានទីសត្តឃាត​មែន ប៉ុន្តែរាល់អាជីវកម្មតូចៗនៅតាមឃុំទាំងអស់គឺមានការត្រួតពិនិត្យច្បាស់លាស់ពីមន្រ្តីជំនាញពេទ្យសត្វ។


ទោះយ៉ាងណាក៏មានប្រជាពលរដ្ឋរាយការណ៍ថា នៅតាមបណ្តាលឃុំខ្លះ ក៏ឃើញមានការលក់សាច់តាមរម៉កម៉ូតូ ដឹកលក់តាមភូមិតាមដងផ្លូវពិសេសសាច់ជ្រូក ដែលគ្មានវ៉ៃត្រា និងសាច់មាន់ សាច់គោដែលអន់សាច់ ពលរដ្ឋសង្ស័យថា មិនមានការឆ្លងកាត់ពិនិត្យត្រឹមត្រូវ ដែលអាចប៉ះពាល់សុខភាពអ្នកបរិភោគ។ លោក អាន ស៊ិនឡុង បញ្ជាក់ថា ជាការពិតគឺនៅតែមានជនខិល​ខូចលួចធ្វើបែបនេះ ជាក់ស្តែងនៅឆ្នាំ២០២០កន្លងទៅ មន្រ្តីជំនាញចាប់បាន៣ករណី ក្នុងក្រុងកំពង់ចាមផ្ទាល់តែម្តង ហើយបានយកសាច់ទៅដុតចោល និងបានណែនាំអ្នកលក់ឲ្យឈប់ទង្វើខុសច្បាប់នេះ បើនៅតែមិនរាងចាល នឹងអនុវត្តតាមច្បាប់។


ចំពោះបញ្ហានេះ មន្ត្រីបសុព្យាបាលលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមកុំទិញការលក់សាច់តាមរម៉កម៉ូតូដឹកលក់តាមភូមិតាមដងផ្លូវ ពិសេសសាច់ជ្រូក ដែលគ្មានវ៉ៃត្រា និងសាច់មាន់ សាច់គោដែលអន់សាច់ ហើយអាចរាយការណ៍បញ្ហានេះ ទៅកាន់អាជ្ញាធរ ឬមន្រ្តីជំនាញ ដើម្បីមានវិធានការដោះស្រាយ៕