ផ្លូវ​បេតុង​ប្រវែង​១៦០០​ម៉ែត្រ នឹង​ចាប់​ផ្តើមធ្វើ​ជូន​ប្រជាពលរដ្ឋ​ឃុំ​ទ្រាន​ក្នុង​ខែកញ្ញា ខាងមុខនេះ​

អត្ថបទដោយ៖ លោក ភ័ណ្ឌ ប៉ាង

​ដើម្បី​កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ តែងតែ​លើកឡើង​ពី​បញ្ហាលំបាក​ផ្លូវ​ធ្វើដំណើរ អាជ្ញាធរ​ឃុំ​បានផ្តល់​អាទិភាព​លើ​គម្រោង​ចាក់​ផ្លូវ​បេតុង​ចំនួន​២​ខ្សែ ដែលមាន​ប្រវែង​១៦០០​ម៉ែត្រ នៅ​ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្នុង​ឃុំ​ទ្រាន​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ែន សារុន មេឃុំ​ទ្រាន ស្រុក​កំពង់សៀម បាន​ប្រាប់​វិទ្យុជាតិ​ខេត្តកំពង់ចាម នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក ម៉ែន សារ​រុន មានប្រសាសន៍ថា ផ្លូវ​បេតុង​មាន​ចំនួន​២​ខ្សែ ប្រវែង​១៦០០​ម៉ែត្រ បែប​ចែកជា​ពីរ​គម្រោង​ដែល​គម្រោង​ទី​១ គឺជា​គម្រោង​របស់​ឃុំ​ផ្ទាល់ គ្រោង​នឹងធ្វើ​ប្រវែង​១០០០​ម៉ែត្រ ក្នុងភូមិ​ទួល​ត្រាច ភ្ជាប់​ទៅ​ភូមិ​ច្រក​ស្តៅ ការចំណាយ​ប្រើប្រាស់​ថវិកា​ឃុំ​ប្រមាណ​ជាង​២០០​លាន​រៀល​។ គម្រោង​ទី​២ គឺជា​គម្រោង​របស់​ថ្នាក់ស្រុក ដែល​ជួយ​កសាង​ផ្លូវ​បេតុង​១​ខ្សែ មាន​ប្រវែង​៦០០​ម៉ែត្រ ធ្វើ​ក្នុងភូមិ​ពួន ដោយ​ប្រើប្រាស់​ថវិកា​ជិត​២០០​លាន​រៀល​។​

​លោក​បន្តថា កាលពី​ឆ្នាំ​២០១៩ ឃុំ​ទ្រាន​ខកខាន់​មិនបាន​ធ្វើ​ផ្លូវ​បេតុង​ជូន​ប្រជាពលរដ្ឋ​ទេ ដោយ បំ​វែ​ល​ថវិកា​ឆ្នាំ​២០១៩ ជួសជុល​ផ្លូវ​គ្រួស​ក្រហម​ឡើងវិញ​ចំនួន​២​ភូមិ គឺ​ភូមិ​ទួល​ចំបក់ មាន​ប្រវែង​១០០០​ម៉ែត្រ និង​ភូមិ​ប៉ែន ប្រវែង​១០០០​ម៉ែត្រ ក៏ប៉ុន្តែ​ផែនការអភិវឌ្ឍន៍​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ឃុំ នឹង​បន្តធ្វើ​ផ្លូវ​បេតុង​ជា​បន្ត ដែលមាន​ប្រវែង​សរុប ១៦០០​ម៉ែត្រ នឹង​ចាប់​ផ្តើមធ្វើ​ជូន​ប្រជាពលរដ្ឋ​ទាំង ២​ភូមិ​នេះ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា ឃុំ​ទ្រាន​មាន​១២​ភូមិ ប្រជាពលរដ្ឋ​រស់នៅ​សរុប​ជាង​២០០០០​នាក់ ស្មើ​ជាង​២៦០០​គ្រួសារ​។ ឃុំ​ទ្រាន​ក៏​ទទួល​គម្រោង​ជួសជុល​ផ្លូវ​ខូច​ឡើងវិញ ពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ដែល​គម្រោង​នេះ គ្រោង​ធ្វើ​ភ្ជាប់​ពី​ឃុំ​រអាង ទៅ​ឃុំ​ស្រក មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ នៅ​ចុងឆ្នាំ​២០២០​នេះដែរ​៕