ការបង្កបង្កើនផលស្រូវរដូវវស្សា ខេត្តកំពង់ចាមឆ្នាំ២០២១ទទួលបានទិន្នផលល្អប្រសើរ

អត្ថបទដោយ៖ ពុធ ធាវី

តាមការលើកទ្បើងរបស់លោក ធឹម វី ប្រធានការិយាល័យកសិកម្ម និងធនធានធម្មជាតិ ស្រុកបាធាយ បានឲ្យដឹងថា ឆ្នាំ២០២១នេះ ការបង្កបង្កើនផលស្រូវរដូវវស្សារបស់បងប្អូនកសិករនៅក្នុងស្រុកបាធាយ ទទួលបានទិន្នផលជាង៨០% លើផ្ទៃដីជាង១ម៉ឺនហិចតា។ លោកបានលើកឡើងដូច្នេះ ក្នុងកម្មវីធីសន្ទនាមតិរបស់វិទ្យុជាតិមន្ទីរព័ត៌មានកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។


លោកបានបន្តថា ដោយសារឆ្នាំនេះ អំណោយផលពីធម្មជាតិ ភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឲ្យប្រជាកសិករនៅក្នុងស្រុកបាធាយទទួលបានទិន្នផលពីស្រូវវស្សាល្អប្រសើរ បើធៀបទៅនិងឆ្នាំមុន។ លោកបានបង្ហាញថា ទាំងនេះមកពីការខិតខំប្រឹងប្រែងរបស់គំរោងរាជរដ្ឋាភិបាល សហការជាមួយដៃគូរអភិវឌ្ឍននានា មានគំរោងទន្លេសាប សីលា និងអាស្បាយ ចុះផ្សព្វផ្សាយបានទូលាយដល់បងប្អូនកសិករ ក្នុងការចេះប្រើប្រាស់ពូជស្រូវឲ្យស្រពតាមរដូវកាល ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុដែលស្រូវអង្ករគឺជាប្រភពស្បៀងមិនអាចខ្វះបាន។


លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋនៅក្នុងស្រុកបាធាយមានការចូលរួមជាមួយអាជ្ញាធរក្នុងការផ្សព្វផ្សាយពីព័ត៌មានទូទៅ ទើបពលរដ្ឋទទួលបានផលល្អទាំងឆ្នាំនេះ និងឆ្នាំក្រោយៗទៀត៕