អាជ្ញាធរឃុំតុងរ៉ុងនឹងបន្តចាក់ផ្លូវបេតុង៥០០ម៉ែត្រជូនប្រជាពលរដ្ឋបន្ថែមទៀត

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

គម្រោងអាទិភាពក្នុងឆ្នាំ 2021 របស់ឃុំតុងរ៉ុង នឹងអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែ មានប្រវែង 500 ម៉ែត្រ ដែលជាផ្លូវអន្តរឃុំ ហើយគម្រោងស្ថាបនាផ្លូវនេះ នឹងលេចរូបរាងគេឆាប់ៗខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ម៉ា សារ៉ាត់ ស្មៀនឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលចូលរួមក្នុងវិទ្យុជាតិភ្នំប្រុសភ្នំស្រី fm 92.5 mhz ខេត្តកំពង់ចាម។


លោក ម៉ា សារ៉ាត់ មានប្រសាសន៍ថា តម្រូវការអាទិភាព របស់ប្រជាពលរដ្ឋក្នុងឆ្នាំ 2021 ផ្ដោតទៅលើគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែ មានប្រវែង 500 ម៉ែត្រ ឆ្លងកាត់មួយភូមិ គឺភូមិផ្ទះខ្ពស់ តភ្ជាប់រហូតទៅដល់ព្រំប្រទល់ឃុំខ្វិតធំដែលផ្លូវនេះគឺជាផ្លូវអន្តរឃុំ។ សព្វថ្ងៃមានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ហើយផ្លូវ១ខ្សែនេះចាប់ផ្តើមរងការខូចខាតពិបាកធ្វើដំណើរ ទើបអាជ្ញាធរឃុំសម្រេចកែប្រែផ្លូវនេះទៅជាផ្លូវបេតុងជំនួសវិញ។

លោកមានប្រសាសន៍បន្ថែមថា ទាក់ទងទៅនឹងគម្រោងថវិកាលើការសាងសង់ផ្លូវបេតុងមួយខ្សែនេះ អាជ្ញាធរមិនទាន់អាចធ្វើការវាយតម្លៃបានឡើយទេ ដោយសារតែមានបញ្ហា covid-19 ដូច្នេះត្រូវរង់ចាំមានស្ថានភាពល្អប្រសើរឡើងវិញ នឹងដាក់ឲ្យក្រុមហ៊ុនធ្វើការដេញថ្លៃ នៅពេលខាងមុខនេះ។


សូមបញ្ជាក់ថាកាលពីឆ្នាំ 2020 ឃុំតុងរ៉ុងបានអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែ មានប្រវែង 382 ម៉ែត្រ ឆ្លងកាត់ភូមិផ្ទះខ្ពស់ ដែលប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ 2020 ប្រមាណជា 142 លានរៀល និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្ថាបនាផ្លូវបេតុងប្រវែង 4 គីឡូម៉ែត្រ ដែលគម្រោងនេះត្រូវបានសម្រេចរួចរាល់កាលពីឆ្នាំ 20២០ ផងដែរ៕