អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា មានសេវាប្រឹក្សាយោបល់និងមេធាវី ដល់ស្ត្រី និងកុមារដោយឥតគិតថ្លៃ

អត្ថបទដោយ៖ លោស្រី ពុធ ធាវី

អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជាប្រចាំខេត្តកំពង់ចាម គឺមានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ពីការផ្តល់សេវាមេធាវីជូនជនក្រីក្រ មានស្រ្តី និងកុមារ ដែលរស់នៅមូលដ្ឋានដោយមិនមានយកប្រាក់កម្រៃឡើយ។ នេះបើផ្អែកតាមការលើកទ្បើងរបស់លោក ជា ស៊ុនលាង មន្ត្រីតស៊ូមតិនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាប្រចាំខេត្តកំពង់ចាម ក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិ Fm99.50 នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។


លោក ជា ស៊ុនលាង មានប្រសាសន៍ថា អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា សហការជាមួយមន្ទីរកិច្ចការនារីខេត្តកំពង់ចាម កន្លងទៅបានធ្វើសកម្មភាពចុះអប់រំផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ និងមានការពិគ្រោះប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ពលរដ្ឋដែលមានបញ្ហាពាក់ពន្ធ័នឹងផ្លូវច្បាប់ មិនមានលទ្ធភាពរកមេធាវីការពារក្តីនៅតុលាការ និងសម្របសម្រួលវិវាទក្រៅប្រពន័្ធតុលាការសម្រាប់ស្រ្តី និងកុមារ។ លោកបន្តថា បើការសម្របសម្រួលក្រៅប្រពន័្ធតុលាការមិនមានភាពសះជានិងគ្នា នោះខាងជំនួយផ្នែកច្បាប់នៅកម្ពុជាប្រចាំខេត្តកំពង់ចាមនឹងជួយផ្តល់មេធាវីជូន នៅពេលដំណើរការក្តីក្នុងប្រពន័្ធយុត្តិធម៌នៅតុលាការ បទល្មើសព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ជាពិសេសជួយដល់ស្ត្រីនិងកុមារដែលមានបញ្ហាពាក់ពន្ធ័នឹងផ្លូវច្បាប់។


លោក ជា ស៊ុន លាង បានបញ្ជាក់ទៀតថា ការិយាល័យជំនួយផ្នែកច្បាប់នៅកម្ពុជាខេត្តកំពង់ចាម បានដំណើរការចាប់ពីថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២០មក រហូតមកដល់ពេលនេះ ក៏បានផ្តល់ជូនសេវាមេធាវីជូនពលរដ្ឋបាន៨ករណីហើយ ក្នុងនោះ២ករណី ជាករណីករំលោភសេពសន្ថវៈ៥ករណីជាករណីលែងលះ និង១ករណីជាអំពើហិង្សាក្នុងគ្រួសារ។

ផែនការបន្ត របស់អង្កការជំនួយផ្នែកច្បាប់នៅកម្ពុជា គឺនៅតែបន្តស្វែងរកជំនួយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធជួយដល់ស្ត្រីនិងកុមារ ធ្វើយ៉ាងណាឲ្យដំណើរក្តី ទទួលបានភាពយុត្តិធម៌ជូនជនរងគ្រោះ៕