ការលើកស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ត្រូវតែមកសុំច្បាប់អនុញ្ញាតជាមុន

អត្ថបទដោយ៖ អឿន ស្រួ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោជ ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ មន្រ្តីជំនាញនៃមន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ ដោយរួមគ្នាត្រួតពិនិត្យ និងការគ្រប់គ្រងស្លាកផ្សព្វផ្សាយ ពាណិជ្ជកម្ម ឲ្យអនុឡោមតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងច្បាប់កម្ពុជា។

លោក រ៉ាត់ ពិសាក់ អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម មានប្រសាសន៍ថា តាមចរាចរណ៍ជូនដំណឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាល់ការសរសេរអក្សរលើផ្ទាំងយី ហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម ផ្ទាំងសញ្ញាផ្សេងៗ ត្រូវគោរពតាមគោល ការណ៍ ដោយប្រើអក្សរជាតិ តែបើមានអក្សរបរទេស ត្រូវមានអក្សរជាតិនៅជួរខាងលើ ទំហំធំជាងអក្សរបរទេសពីរដង ។ ដោយឡែកចំពោះអក្ខរាវិរុទ្ធត្រូវគោរពតាមក្បួនខ្នាត វេយ្យាករណ៍ និងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជព្រះមហាសុមេធាអិបតីជោតញ្ញាណោ ជួន ណាត ។


លោក សុន សុផានិត្យ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានបញ្ជាក់ថា ដោយសារតែកន្លងមកមានស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនដែលមិនបានអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ទើបក្រុមការងាររបស់ខេត្តរួមមានមន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការអប់រំផ្សព្វផ្សាយ បន្តដល់ម្ចាស់ស្លាកយីហោ ឱ្យចូលរួមគោរពតាមច្បាប់កម្ពុជា។ ដោយឡែកស្លាកយីហោណាដែលមិនគោរពតាមការណែនាំតាមកិច្ចសន្យាទេ នោះក្រុមការងារ នឹងធ្វើការរុះរើទម្លាក់ចុះ ដើម្បីចូលរួមថែរក្សាអភិរក្សអក្សរសាស្រ្តជាតិ ប្រកបដោយសោភ័ណភាព បរិស្ថានទីក្រុងទេសចរណ៍។


លោក អ៊ាន ឈុន ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានលើកឡើងថា សូមលើកទឹកចិត្តដល់អាជីវករទាំងអស់ដែលមានបំណងចង់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម សូមមេត្តាទៅសុំច្បាប់នៅការិយាល័យច្រកចេញចូលតែមួយក្រុងស្រុក ឬអង្គភាពច្រកចេញចូលតែមួយខេត្តដើម្បីឲ្យអនុឡោមតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងច្បាប់កម្ពុជា។ លោកបន្តថា ការលើកស្លាក យីហោ ផ្ទាំងប៉ាន់ណូ និងផ្ទាំងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ត្រូវតែមកសុំច្បាប់អនុញ្ញាត ដាក់តាំងការផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ។


លោក អ៊ាន ឈុន បញ្ជាក់ថា មន្ទីរនឹងជំរុញតាមដាន និងគ្រប់គ្រងការប្រមូលចំណូលពីទីតាំង និងសេវាផ្សព្វផ្សាយពីស្លាកយីហោ និងផ្ទាំងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ឱ្យមានប្រសិទ្ធិភាព តម្លាភាព៕