មន្ទីរអប់រំខេត្តកំពង់ចាម ណែនាំដល់គ្រឹះស្ថានសិក្សាពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

អត្ថបទដោយ៖ ធឹម សារ៉ន

ដើម្បីធានាដំណើរការសិក្សាប្រកបទៅដោយសុវត្ថិភាព និងប្រសិទ្ធភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជនទាំងអស់ ក្នុងខេត្តពង្រឹងវិធានការបន្ថែមដើម្បីទប់ស្កាត់ការរីករាលដាលនៅជំងឺកូវីដ១៩។ នេះបើតាមលោក ជា សុខចំរើន ប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម។
លោក ជា សុខចំរើន បានលើកឡើងបែបនេះនៅក្នុងកម្មវិធីសន្ទនាមិតនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ លើប្រធានបទ «ការការពារនិងទប់ស្កាត់វីរុសកូវីដ១៩ នៅតាមសាលារៀន»។

លោកមានប្រសាសន៍ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ ដល់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក គ្រប់គ្រឹះស្ថានបឋមសិក្សាសាធារណៈគ្រប់កម្រិត ។ ណែនាំមាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងគណៈគ្រប់គ្រងសាលារៀន គណៈកម្មការសាលារៀនត្រូវត្រួតពិនិត្យលក្ខណៈសម្បត្តិគ្រឹះស្ថានរបស់ខ្លួនដោយអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការរៀន និងបង្រៀនក្នុងបរិបទកូវីដ១៩ ជាពិសេសពង្រឹងអនុវត្តវិធានការការពារទប់ស្កាត់កូវីដ១៩ របស់ក្រសួងសុខាភិបាល។


លោក ជា សុខចំរើន បានបន្តថា គណៈគ្រប់គ្រងត្រូវថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរក្សាគ្មានសុវត្ថិភាពក្នុងគ្រឹះស្ថានសិក្សា ត្រូវរៀបចំតុកៅអីសម្រាប់អ្នកសិក្សាក្នុងបន្ទប់រៀនដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច២ម៉ែត្រ និងរៀបចំ២០នាក់ក្នុងមួយថ្នាក់ ក្នុងនោះត្រូវបើកច្រកទ្វារចេញចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីកាត់បន្ថយការប្រមូលផ្ដុំ តម្រូវឲ្យឈរតម្រង់ជួរឃ្លាតពីគ្នា។ ត្រូវពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតនៅក្នុងគ្រឹះស្ថានសិក្សាជូនដល់សិស្សានុសិស្ស បុគ្គលិកអប់រំ និងលើកទឹកចិត្តឱ្យយកទឹកស្អាតមកពីផ្ទះ ឬរៀបចំចំណីអាហារសម្រន់សម្រាប់ទទួលទានផ្ទាល់ខ្លួន ត្រូវរៀបចំបរិក្ខារលាងសម្អាតដៃឲ្យបានច្រើនកន្លែងនៅជិតបង្គន់អនាម័យ ឬក្បែរបន្ទប់រៀនដោយមានសាប៊ូនិងមានទឹកស្អាតប្រើប្រាស់ជាប្រចាំសមស្របតាមតម្រូវការរបស់សិស្សានុសិស្ស បុគ្គលិកអប់រំនៅក្នុងគ្រឹះស្ថានសិក្សា ដូចជាប្រើប្រាស់ ត្រូវធ្វើការណែនាំដល់សិក្ស ពិសេសបុគ្គលិកអប់រំផ្សេងទៀតអំពីសារៈសំខាន់នៃការរក្សាកម្រិតសុវត្ថិភាពការបង្ការជំងឺ។


លោកបានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀននិងរីករាលដាលក្នុងសហគមន៍ ស្នើដល់គណៈគ្រប់គ្រងសាលា ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរខេត្ត អំពីវត្តមាននៃការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ឬដោយប្រយោលរបស់បុគ្គលិកអប់រំ ឬសិស្សានុសិស្សជាមួយបុគ្គលិកដែលបានប៉ះពាល់ កន្លែងដែលមានការឆ្លងជំងឺកូវីដ១៩ ៕