កម្លាំងប្រជាការពារបានរួមចំណែកយ៉ាងសំខាន់ក្នុងបរិបទកូវីដ-១៩

អត្ថបទដោយ៖ ពុធ ធាវី

តាមការឲ្យដឹងពីលោកវរសេនីយឯក អ៊ឹម ស៊ាងឌី ស្នងការរងទទួលផែនកិច្ចការប៉ុស៍្តរដ្ឋាបាល នៃស្នងការនគរបាលខេត្តកំពង់ចាមបានលើកទ្បើងក្នុងកម្មវីធីសន្ទនាមតិនៅវិទ្យុជាតិថា បច្ចុប្បន្នស្ថិតក្នុងបរិបទកូវីដ-១៩ កម្លាំងប្រជាការពារបានចូលរួមយ៉ាងសកម្មក្នុងការជួយទប់ស្កាត់មិនឲ្យការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជួយសំរួលការងារអាជ្ញាធរមូលដ្ឋានបានយ៉ាងច្រើន។


លោកបន្តថា កន្លងទៅប្រជាការពារមានសិទ្ធិរួមចំណែកការពារភូមិឃុំ នឹងកាត់បន្ថយ បទល្មើសផ្សេងៗនៅសហគមន៍ ពិសេសនីក្នុងបរិបទកូវីដ-១៩ នេះ ដោយមានការរៀបចំដោយមូលដ្ឋាននីមួយៗ និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ។ ប្រជាការពារមិនមានប្រាក់ខែដូចជាមន្ត្រីរាជការទេ ហើយក៏មិនមានសិទ្ធិប្រើប្រាស់អាវុធនោះដែរ គឺពួកគាត់មានសិទ្ធិចូលរួមរាយការណ៍ និងសហការជាមួយប៉ូលិសប៉ុស្ត៍រដ្ឋបាលឃុំដែលមានអាវុធនៅពេលចុះបង្ក្រាបបទល្មើសជាក់ស្តែងដែលកើតមាននៅមូលដ្ឋាន។

លោកវរសេនីយឯក អ៊ឹម ស៊ាងឌី បានបញ្ជាក់ថា រហូតមកដល់ពេលនេះក្នុងខេត្តកំពង់ចាម មានប្រជាការពារដែលមាននៅក្នុងបញ្ជីរឈ្មោះ មាន១៦២៦៩នាក់ ដែលបែងចែកជា ១៥៨៥ក្រុមទូទាំងខេត្តកំពង់ចាម និងមានយ៉ាងច្រើន១២នាក់ក្នុងមួយក្រុម។ ហើយទិសដៅទៅមុខស្នងការនឹងខិតខំពង្រឹងសមត្ថភាព ដល់ប្រជាការពារ និងគៀងគររកដៃគូរសប្បុរសជននានា ដើម្បីជួយឧបត្ថម្ភលើកទឹកចិត្តដល់ប្រជាការពារបន្តទៀត ទាំងស្មារតី និងសម្ភារៈផ្សេងៗ ឲ្យពួកគាត់ទទួលបានសមិទ្ធផល និងវិធានការណ៍ការពារខ្លួនគាត់។


លោក លី ឆៃលេន ជំទប់ទី១ឃុំអំពិលស្រុកកំពង់សៀម ដែលបានចូលក្នុងកម្មវីធីក៏បានលើកទ្បើងដែរថា សំរាប់ឃុំរបស់លោកវិញ ក្រៅពីចូលរួមសុវត្ថភាពភូមិឃុំហើយ ប្រជាការពារបានជួយសំរួលដល់ការរៀបចំសុវត្ថិភាពអ្នកមានកូវីដ-១៩ទៀតផង។ លោកបញ្ជាក់ទៀតថា បច្ចុប្បន្នទន្ទឹមនឹងកូវីដ-១៩ កំពុងតែកើតមានលើពលរដ្ឋនៅមូលដ្ឋាន ប្រជាការពារបានចូលរួមចំណែកយ៉ាងសំខាន់ ជួយដល់អាជ្ញាធរក្នុងការជួយរៀបចំការពារសុវត្ថិភាពបងប្អូនកម្មករកម្មការនីដែលកំពុងធ្វើចត្តាទ្បីស័ក។


លោកបញ្ជាក់ថា ប្រជាការពារភាគច្រើនជាពលរដ្ឋដែលមានជីវភាពខ្វះខាតហើយមិនមានប្រាក់ខែនោះទេ,លោកចង់អោយមានការគាំទ្រលើកទឹកចិត្តពីគ្រប់មឈ្ឈដា្ឋនដល់ប្រជាការពារ ព្រោះប្រជាការពារជាកម្លាំងជំនួយសំខាន់ដល់អាជ្ញាធរមូលដ្ឋានក្នុងការបំរើកិច្ចការសាធារណះនិងកិច្ចការសង្គម៕