មន្រ្តីជំនាញកសិកម្ម នៅតែបន្តបណ្តុះបណ្តាលដល់កសិករចិញ្ចឹមជ្រូក ទោះស្ថិតក្នុងស្ថានភាពកូវីដ-១៩

អត្ថបទដោយ៖ ពុធ ធាវី

លោក អាន ស៊ិនទ្បុង ប្រធានផ្នែកសុខភាពសាធារណៈនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានប្រាប់ថា កន្លងទៅ មន្ទីរកសិកម្មបានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាមជាច្រើនវគ្គ ក្នុងនោះក៏មានជំនាញផ្នែកចិញ្ចឹមសត្វជ្រូករស់ផងដែរ។ លោកបញ្ជាក់បែបនេះក្នុងកម្មវីធីសន្ទនាមតិ នៅវិទ្យុជាតិភ្នំប្រុសភ្នំស្រី នៅថ្ងៃទី០២មេសា២០២១នេះ។

លោកមានប្រសាសន៍ថា ការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនេះ គឺធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីបច្ចេកទេស និងរបៀបចិញ្ចឹមជ្រូក និងទទួលបានជោគជ័យ បើទោះជាស្ថិតក្នុងស្ថានភាពកូវីដ១៩ក្តី ដើម្បីធ្វើឲ្យជីវភាពប្រសើរឡើង និងកាត់បន្ថយការនាំចូលជ្រូកពីប្រទេសជិតខាងផងដែរ។ លោកបន្ថែមថា ដោយមានការសហការជាមួយខាងក្រុមហ៊ុនបេតាក្រូជាដៃគូរក្នុងការនាំចូលចំណីសត្វដែលផលិតជាចំណីធម្មជាតិ មន្ទីរកសិកម្មខេត្តកំពង់ចាម បានបណ្តុះបណ្តាលដល់បងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន រហូតមកដល់ពេលនេះមានអ្នកចិញ្ចឹមជ្រូករហូតដល់១៧កន្លែង ស្មើនឹង៤៥រោង មានជ្រូកចំនួនជិត៤ម៉ឺនក្បាល និងឈានទៅពង្រីកបន្ថែមដល់បងប្អូនពលរដ្ឋដទៃទៀតដែលទើបនឹងវិលពីចំណាកស្រុក ហើយមានចិត្តចង់ចិញ្ចឹមជ្រូក។

លោក ទិច ភារុណ ជាមន្ត្រីជំនាញសុខភាពសត្វនៃមន្ទីរកសិកម្មក៏បានលើកទ្បើងដែរថាប្រសិនបងប្អូនដែលនៅមូលដ្ឋាន ចង់ចិញ្ចឹមគឺអាចធ្វើសំណើរ ស្នើសុំមកមន្ទីរកសិកម្ម តាមរយះអាជ្ញាធរមូលដ្ឋាន មន្ទីរនឹងចុះបើកវគ្គបណ្តុះបណ្តាលដល់កន្លែងតែម្តង ឬតាមរយៈភ្នាក់ងារភូមិដែលមានការបណ្តុះបណ្តាលពីមន្ទីរកសិកម្មតាមមធ្យោបាយដែលអាចធ្វើទៅបាន ទោះជាបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពកូវីដ១៩ក៏ដោយ។

លោកបន្តថា មន្ទីរកសិកម្មគឺមានផែនការធ្វើឲ្យកសិករដែលចិញ្ចឹមជ្រូក និងចិញ្ចឹមសត្វបន្ទាប់បន្សំមានមាន់ ទានិងពពែជាដើម ដើម្បីជួយបង្កើនផ្នែកវារីវប្បកម្មផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅការនាំចេញទៅក្រៅស្រុកទៀតផង៕