អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ប្តាជ្ញាផ្តល់ សេវាសាធារណៈ ឲ្យល្អបំផុតជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖ លោក អឿន ស្រួ

​ដើម្បី​ព​ន្លឿ​ន កិច្ចការងារ​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យ​បាន​ឆាប់រហ័ស​បន្ថែមទៀត ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តកំពង់ចាម ប្តា​ជ្ញា​ផ្តល់​សេវាសាធារណៈ​ឲ្យ​ល្អ​បំផុត ជូន​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តកំពង់ចាម​។​


​លោក អ៊ឹង ទី ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តកំពង់ចាម បាន​ប្រាប់​វិទ្យុជាតិ​ខេត្តកំពង់ចាម នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ ថា ដើម្បី​ព​ន្លឿ​ន​កិច្ចការងារ​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តកំពង់ចាម បានធ្វើការ​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ជ្រួតជ្រាប​តាម​កម្រិត​នៃ​វិស័យ​សេវា​ដែល​ត្រូវ​មក​ទទួល​។ លោក​បាន​ប្តា​ជ្ញា​រដឹក​នាំ​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត បម្រើសេវា​ជូន​ប្រជាពលរដ្ឋ គឺ​ដើម្បី​សម្រេច​គោលដៅ​ផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា ដោយ​ឈរលើ​គោលការណ៍ «​ធ្វើ​ឳ្យ​បានធ្វើ​ឳ្យ​លឿន​» និង​ប្រកបដោយ​តម្លាភាព​។​


​លោក អ៊ឹង ទី បាន​បន្តទៀតថា អាជ្ញាធរខេត្ត​កំពង់ចាម​បាន​បើក​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​។ ដោយនៅ​ឆ្នាំ​២០១៨ ដល់ ២០២៩ បានផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ៣​ម៉ឺន​សេវា ស្មើ​ទឹកប្រាក់​ជាង ១០០០​លាន​រៀល និង​១​ឆមាស​ឆ្នាំ​២០២០​នេះ បានផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១៤៣០០​សេវា ស្មើ​ទឹកប្រាក់​ជាង​១០០០​លាន​រៀល​។ ដោយមាន​សេវា​ចំនួន​ជាង​៥០០ វិស័យ ដែលមាន​នៅតាម​បណ្តា​មន្ទីរ និង​អង្គភាព​ក្នុង​ខេត្តកំពង់ចាម​។


​ក្នុងនោះ​ផងដែរ​មាន​សេវា​វិស័យ​: រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:, សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​, ការដាក់បន្ទុក​និង​ការ​ដោះ​បន្ទុក និង​វិស័យ​អប់រំ​ជាដើម ដែល​មានការ​មមាញឹក​ខ្លាំង​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​។​


​លោក អ៊ឹង ទី បាន​បន្ថែមថា ច្រកចេញចូល​តែមួយ គឺជា​យន្តការ​សម្រាប់​ការផ្តល់សេវា​រដ្ឋបាល និង​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​សម្រាប់​ទទួល និង​សម្របសម្រួល​ដោះស្រាយ​បណ្តឹងតវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលជា​ក្របខណ្ឌ​គតិយុត្ត និង​ជា​ឯកសារ​បច្ចេកទេស​ដ៏​មាន​សារៈសំខាន់ ក្នុងការ​រួមចំណែក​ស​ម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​គោលនយោបាយ​សេវាសាធារណៈ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការផ្តល់សេវា​រដ្ឋបាល​ឱ្យ​កាន់តែ​ប្រសើរឡើង​ជូន​ប្រជាពលរដ្ឋ​។​
​លោក​បាន​បញ្ជាក់ដែរថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចម្ងល់​អំពី​ការផ្តល់ និង​ការទទួល​សេវាសាធារណៈ​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តកំពង់ចាម សូម​ចូលទៅ​មើល​ផេ​ក​ហ្វេ​ស​ប៊ុ​ក «​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តកំពង់ចាម​» ឬ​ទូរ​សព្ទ​មកកាន់​លេខ​លោក​ដោយផ្ទាល់​គឺ ០៩៩ ៥៣ ៥៥ ៥៧ ៕