ព្រះសង្ឃដើរតួយ៉ាងសំខាន់ក្នុងការងារសង្គមមិនអាចកាត់ផ្តាច់បាន

អត្ថបទដោយ៖ អឿន ស្រួ

ព្រះសង្ឃដើរតួសំខាន់ក្នុងសង្គម តាំងពីបុរាណកាលមក ព្រះសង្ឃមានកិត្យានុភាពខ្ពស់ ហើយមានឥទ្ធិពលធំធេងណាស់ទៅលើជឺវភាពរស់នៅរបស់ប្រជាជន។ ចូលរួមយ៉ាងសកម្មក្នុងការកសាងវត្តអារាម ធ្វើឲ្យទីវត្តក្លាយទៅជារម្មណីយដ្ឋាន ជាទីសក្ការបូជា។ ចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ បានជួយឧបត្ថម្ភលើវិស័យសង្គមកិច្ច សិក្សាធិការ សុខាភិបាលបរិស្ថានជាដើម។ នេះជាសង្ឃដិការព្រះធម្មសាលវង្ស សា វិរៈ ព្រះវិន័យធម៌ខេត្ត និងជាអនុគណក្រុងកំពង់ចាម ក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិខេត្តកំពង់ចាម នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។


ព្រះធម្មសាលវង្ស សា វិរៈ មានសង្ឃដិកាបញ្ជាក់ថា ព្រះសង្ឃមានតួនាទី ៦យ៉ាងក្នុងសង្គមគឺៈ
១. ហាមប្រាមបរិសទ័មិនឲ្យធ្វើអាក្រក់
២. ផ្តល់ឱវាទលើកទឹកចិត្តដល់បរិស័ទឲ្យធ្វើល្អ
៣. ស្រឡាញ់បរិស័ទដោយធម៍ស្មោះស
៤. បង្រៀននូវអ្វីដែលជាសេចក្តីល្អដែលបរិសទ័មិនធ្លាប់ឮ មិនដឹង
៥. កែតម្រង់ទិដ្ឋិរបស់គាត់ចំពោះអ្វីដែលគាត់ធ្លាប់ឮមកហើយ
៦. បង្ហាញផ្លូវទៅកាន់ស្ថានសួគ៍។


បច្ចុប្បន្ន ទូទាំងខេត្តកំពង់ចាមមានវត្តចំនួន ៣៦៦កន្លែង ក្នុងនោះមានវត្តធម្មយុត ១២កន្លែង អាស្រមចំនួន១៦កន្លែង និងព្រះសង្ឃចំនួន ៥៥១៦អង្គ ក្នុងនោះមានធម្មយុតចំនួន១៥៩អង្គ។
លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្ត ក្មេងវត្ត ខេត្តកំពង់ចាម មានប្រសាសន៍ថា ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ នៅពេលបច្ចុប្បន្ននេះ សង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គក្នុងខេត្តកំពង់ចាម កំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍន៍នៅក្នុងសង្គម តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ ជាដើម។


លោកបណ្ឌិត សំ ពិសិដ្ឋ បន្ថែមថា សព្វថ្ងៃនៅសាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្ត ក្មេងវត្ត ខេត្តកំពង់ចាម មានសមាជិកសរុបចំនួន ១៦៥៧ អង្គនាក់ ក្នុងនោះមានព្រះសង្ឃចំនួន ១៧៧ អង្គ។ ហើយព្រះសង្ឃ គឺជាកម្លាំងស្នូល ដែលមិនអាចកាត់ផ្តាច់បានពីកិច្ចការងារមនុស្សធម៌យ៉ាងសកម្ម បានជួយជនទីទាល់ក្រ ក្មេងកំព្រាអនាថា ជនគ្មានទីពឹង អ្នករងគ្រោះដោយគ្រោះថ្នាក់ផ្សែៗ ពិសេសផ្តល់កន្លែងស្នាក់នៅដល់សិស្ស និស្សិត ក្មេងវត្ត ដើម្បីសិក្សារៀនសូត្រជាដើម។
ជាចុងក្រោយលោកបណ្ឌិត អំពាវនាវដល់ព្រះសង្ឃ និងមនុស្សទូទៅអាចចុះឈ្មោះចូលជាសមាជិកសាខា ឬអនុសាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្ត ក្មេងវត្ត ដើម្បីរួមគ្នាជួយកិច្ចការងារសង្គមឲ្យកាន់តែរីកចំរើន៕