សាលាបឋមសិក្សាចាស់ទ្រុឌទ្រោម ១ខ្នង ត្រូវបានអាជ្ញាធរឃុំជ្រៃវៀនវ៉ៃកំទេចចោល ជំនួសមកវិញនៅអគារថ្មីក្នុងខែកក្កដានេះ

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

សាលាបង្រៀនមួយខ្នង មានស្ថានភាពចាស់ទ្រុឌទ្រោម ត្រូវបានអាជ្ញាធរ វាយកំទេចចោល ដោយជំនួសមកវិញនូវសាលា បឋមសិក្សាថ្មី១ខ្នង មានចំនួន ៦បន្ទប់ សាលានេះនឹងធ្វើរួចរាល់ឆាប់ៗខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក សំរិទ្ធិ អន មេឃុំជ្រៃវៀន កាលពីថ្ងៃទី 29 ខែ មីនា ឆ្នាំ 2021 ក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី fm 92.5។


លោក សំរិទ្ធិ អន មេឃុំជ្រៃវៀនស្រុកព្រៃឈរ បានថ្លែងថា គោលនយោបាយអភិវឌ្ឍឆ្នាំ 2021 ដែលជាតម្រូវការអតិភាពជាងគេ ផ្តោតសំខាន់លើសេវាអប់រំ ក្នុងនោះអាជ្ញាធរបានលើកគម្រោង សាងសង់សាលាបង្រៀនមួយខ្នង មាន 6បន្ទប់ គ្រោងនឹងធ្វើនៅក្នុងភូមិ ខ្លែងពណ៌ ស្ថិតនៅក្នុងឃុំជ្រៃវៀន។ សាលារៀនមួយខ្នងនេះ នឹងបម្រើផលប្រយោជន៍ឲ្យសិស្សានុសិស្សា ចំនួន 2 ភូមិ គឺភូមិ ខ្លែងពណ៌ និងភូមិ ទួលបាក់កាំ។លោកមេឃុំ បានឲ្យដឹងទៀតថា សម្រាប់ថវិកានៃការសាងសង់សាលារៀនាពេលនេះ អាជ្ញាធរគ្រោងនឹងយកកញ្ចប់ថវិកា ឆ្នាំ 2021 ចំនួន 22000$ ដើម្បីចូលរួមបដិភាគជាមួយនឹងអង្គការ ស្ពានហូឡង់កម្ពុជា សាងសង់សាលាបង្រៀនមួយខ្នង មាន 6 បន្ទប់ ដោយបច្ចុប្បន្ន អាជ្ញាធរបានធ្វើការបញ្ចុះខ័ណ្ឌសីមារួចរាល់ហើយ តាមការគ្រោងទុកនឹងធ្វើរួចរាល់ ក្នុងខែ ខែកក្កដា ឆ្នាំ 2021នេះ។


លោក សំរិទ្ធិ អន បញ្ជាក់ថា មូលហេតុដែលក្រុមប្រឹក្សាឃុំអនុម័តយកថវិកាឆ្នាំ 2021 សាងសង់សាលាបឋមសឹក្សា មួយខ្នង ស្ថិតនៅក្នុងភូមិខ្លែងពណ៌ ដោយសារ ស្ថានភាពសាលាបឋមសិក្សាមួយខ្នងនេះ សព្វថ្ងៃកំពុងរងការខូចខាតយ៉ាងដំណំ ដែលជាហានិភ័យ ដល់សិក្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលសិក្សារៀនសូត្រ និងបង្រៀននៅទីនោះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ អាជ្ញាធរជ្រៃវៀនបានធ្វើផ្លូវ បេតុងមួយខ្សែមានប្រវែង 481 ម៉ែត្រឆ្លងកាត់ភូមិត្រពាំងទូក ដោយក្នុងចំណាយថវិកាប្រមាណជា 189លានរៀល។ សម្រាប់ផែនការអភិវឌ្ឍន៍ឆ្នាំ 2021នេះ អាជ្ញាធរឃុំមានគម្រោងស្ថាបនា ផ្លូវបេតុងមួយខ្សែ តភ្ជាប់ពីគម្រោងចាស់ ដែលនៅសេសសល់ប្រមាណជាង៤០០ម៉ែត្រ កាលពីឆ្នាំ 2020៕