ការប្រមូលផលនេសាទឆ្នាំ ២០២០នេះ កាន់តែធ្លាក់ចុះក្នុងខេត្តកំពង់ចាម

អត្ថបទដោយ៖ លោក ធឹម សារ៉ន

ការប្រមូលផលនេសាទក្នុងខេត្តកំពង់ចាមក្នុងឆ្នាំនេះ សរុបមានចំនួន ២០.៥៦២តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈផលនេសាទ ប្រមូលបាន ២២.៣៥០តោន ធ្លាក់ចុះ ១.៧៨៨តោន ស្មើរនិង៨%។ នេះបើតាមលោក ហ៊ីង សុផាណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋ បាលជលផលកំពង់ចាម ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី២៤ ខែវិច្ជិកា ឆ្នាំ២០២០។

លោកហ៊ីង សុផាណ្ណារិទ្ធ បានវាយតម្លៃ ចំពោះទិន្នផលត្រីនៅឆ្នាំនេះ ផលត្រីធ្លាក់ចុះ៨% ក៏ ប៉ុន្តែបើនិយាយពីលក្ខខណ្ឌធម្មជាតិឃើញថា កម្រិតកម្ពស់ទឹកឡើងមានលក្ខណៈយឺត ដែលលក្ខណៈជីវសាស្ត្ររបស់ត្រី វាបំផ្លាស់ទីពីបឹងទន្លេសាបទៅតំបន់ទន្លេមេគង្គ ដើម្បីពងកូន (យឺត)។ ដូច្នេះនៅពេលចរន្តទឹកឡើងយឺត ធ្វើឲ្យការបំផ្លាស់ទីរបស់ត្រីជួបផលលំបាក ក្នុងនោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាបញ្ហាប្រឈមផងដែរ។ ដូច្នេះមន្ដ្រីជលផល និងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធបានខិតខំចុះបង្រ្កាបបទល្មើសនេសាទកុំឲ្យកើតមាន។

លោកបន្តថា រដូវបើកនេសាទត្រូវបានកំណត់ទៅតាមរយៈពេលចន្លោះពី៥ខែ ទៅ ៨ខែ ដោយផ្អែកទៅលើទីតាំង ក្នុងនោះ ខេត្តកំង់ចាម ចាប់ពីថ្ងៃទី ១ ខែមថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីប្រកាសបិទរយៈពេល៤ខែ។ ខេត្តកំពង់ចាមមានដែននេសាទចំនួន០៨ លើកលែងតែក្រុងកំពង់ចាម និងស្រុក ចំការលើតែប៉ុណ្ណោះ។

លោក ហ៊ីង សុផាណ្ណារិទ្ធ បានបញ្ជាក់ថាប្រជាពលរដ្ឋអាចធ្វើការនេសាទក្នុងដែននេសាទបាន ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ និងបានណែនាំឲ្យការធ្វើអាជីវកម្មក្រៅពីលក្ខណៈគ្រួសារត្រូវសុំច្បាប់អនុញ្ញាតជាមុនសិន។
លោកក៏បានអំពាវនាវឲ្យប្រជាពរដ្នសហការណ៍ និងរាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាទប់ស្កាត់ឲ្យបានក្នុងរដូវបើកនេសាទនេះ ចំពោះការនេសាទដោយខុសច្បាប់ដែលធ្វើឲ្យទិន្នផលត្រីកាន់តែជួបនូវវិបត្តិ៕