មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្តន៍​វិធានការ​ការពារ​វីរុស​កូ​វីដ​-១៩

អត្ថបទដោយ៖ លោក អឿន ស្រួ

(​កំពង់ចាម​)៖ លោកស្រី ប៉ាន មករា មន្ត្រី​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កពង់​ចាម នា​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ក្រើនរំលឹក និង​អំពាវនាវ​សារជាថ្មី​ម្តងទៀត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជ្ជា​ប់​ខ្ជួន ដើម្បី​កុំ​ឲ្យ​កើតមាន​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​ឈានដល់​ការស្លាប់​បាត់បង់​ជីវិត​ផងដែរ​។​
​លោកស្រី លោកស្រី ប៉ាន មករា បាន​ណែនាំ​ថា ត្រូវ​នាំគ្នា​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ដែល​ក្រសួងសុខាភិបាល​បានដាក់​ចេញ ជាពិសេស​ចៀសវាង​កន្លែង​ប្រមូលផ្តុំ​គ្នាច្រើន នៅក្នុង​កន្លែង​បិទ​ជិត ហើយ​គ្មាន​ខ្យល់​ចេញចូល ត្រូវ​ពាក់​ម៉ាស់​ក្នុងករណី​ចាំបាច់ អនាម័យ​ដៃ​ស្អាត​ជានិច្ច និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​លើស​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ គឺជា​ការចាំបាច់​ដែល​ត្រូវតែ​នាំគ្នា​អនុវត្តន៍ នៅក្នុង​ដំណាក់កាល​ទប់​ស្កាត់​រលក​ទី​ពីរ នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩​នេះ​។​


​លោកស្រី​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជូន​ព័ត៌មាន​មក​មន្ទីរ​សុខាភិបាល​ឲ្យ​បាន​លឿន បើ​មាន​ពលករ ឬ​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស ដើម្បី​មាន​វិធានការ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​មក​ធ្វើតេស្តរ​កកូ​វីដ​-១៩ និង​ណែនាំ​ពួកគាត់​ឲ្យ​អនុវត្តតាម​វិធាន​សុខាភិបាល​។​


​លោកស្រី​បាន​បញ្ជាក់ថា កន្លងមក​ក្នុង​ខេត្តកំពង់ចាម​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​១៦​ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ទាំងអស់ ហើយ​ទាំង​១៦​ករណីនេះ​សុទ្ធតែ​ករណី​នាំចូល​។ ដោយឡែក​គិត​ត្រឹម​ថ្ងៃទី​០២ កក្កដា​នេះ គឺមាន​ពលរដ្ឋ​ខ្មែរ​មកពី​ក្រៅប្រទេស​ចំនួន​២៨​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​។
​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​គិត​ត្រឹម​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២០ មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១៤១​ករណី ដោយ​១០​ករណី​បន្ត​ស្ថិតក្រោម​ការព្យាបាល និង​១៣១​ករណី បាន​ព្យាបាល​ជាសះស្បើយ​៕