ប្រកាស​ទទួលស្គាល់ ប្រធាន អនុប្រធាន​កិត្តិយស​សាខា​កា​បាទ​ក្រហម​កម្ពុជា ខេត្តកំពង់ចាម អាណត្តិ​ទី​៥

​នួន សត្យា

(​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៣ នេះ នៅ​សាលាខេត្ត​កំពង់ចាម សាខា​កាកបាទក្រហម​ខេត្ត បាន​ប្រារព្ធ​ពិធី​ប្រកាស​ទទួលស្គាល់ ប្រធាន អនុប្រធាន​កិត្តិយស សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិ​ទី​៥ ក្រោម​អធិបតីភាព​លោក ជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ នៃ​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី គណៈ​កិត្តិយស គណៈកម្មាធិការ ក្រុម​ប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និង​យុវជន នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​សរុប​ចំនួន ៣៣០​នាក់ ។ ​សូមជម្រាបថា នៅក្នុង​អាណត្តិ​ទី​៥ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សម្ដេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​តែងតាំង ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ ជា​ប្រធានកិត្តិយស ដើម្បី បំពេញភារកិច្ច​បន្ត​ពី សម្ដេច​ឧ​ត្ត​ម​ទេព​ពញា​ណ ហ៊ុន ណេង ដែល​បានទទួល​មរណភាព និង​មាន​អនុប្រធាន​កិត្តិយស​ចំនួន ២៥​រូប ទៀត នេះ​បើតាម​សេចក្ដីសម្រេច​លេខ ៨៤​ក​ក្រក​.​ធ​ធ​.​ចត ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ កន្លងទៅ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​ជំនួយការ ឲ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌ សាខា​កាកបាទក្រហម​ក​ខេត្ត បានដាក់​ចេញ​នូវ​លិខិតបទដ្ឋាន ជា​គោល​សំខាន់ៗ សម្រាប់​ប្រតិបត្តិការ មាន​ជាអាទិ៍ ការរៀបចំ និង​ការប្រព្រឹត្តទៅ របស់​សាខា​អាណត្តិ​ទី​៥ ការកំណត់​របៀបរបប​ធ្វើ​ការងារ ការគ្រប់គ្រង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​សាខា ការកំណត់​គោលការណ៍​គ្រប់គ្រង​មូលនិធិ​សាខា ការរៀបចំ​ផែនការអភិវឌ្ឍន៍​សក​ម្ម​ភាព របស់​សាខា​ក្នុង​អាណត្តិ​ទី​៥ ជាពិសេស ចុងក្រោយ​នេះ ដំណាក់កាល​ទី​១ (២០២១-២០២៥) បានរៀបចំ​ផែនការអភិវឌ្ឍន៍​សក​ម្ម​ភាព របស់​សាខា​ឆ្នាំ​២០២៣ ដើម្បី​ឲ្យ​ស្របទៅនឹង​យុទ្ធសាស្ត្រ​ឆ្នាំ ២០២១-២០៣០ របស់​កាកបាទក្រហម​កម្ពុជា ។ ឯកឧត្តម អ៊ុន ចាន់​ដា បាន​បញ្ជាក់ដែរថា​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងទៅ ដោយមាន​ការចូលរួម​ចំណែក​តម្រង់ទិស ពីស​ម្ដេច​ឧ​ត្ត​ម​ទេព​ពញា​ណ ហ៊ុន ណេង សាខា អនុសាខា បាន​ពេញ​តួនាទី​យ៉ាងសកម្ម ក្នុង​ភាពម្ចាស់ការ លើ​ការផ្ដល់​សេវាកម្ម​មនុស្ស​ធម៌ ផ្ដោតលើ​វិស័យ​អទិភាព​ទាំង ៤ ដោយបាន​ឆ្លើយ​តទៅ​នឹង​តម្រូវការ​ជាក់ស្ដែង នៃ​ភាព​ងាយ​រងគ្រោះ ហើយ​សម្រេចបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ។ ទន្ទឹមនឹង​នោះដែរ សាខា ក៏បាន​អនុវត្ត​លើ​ការងារ​សុខភាព និង​ការថែទាំ​សុខភាព​សហគមន៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្ស ការអភិវឌ្ឍ​ស្ថាប័ន និង​អភិវឌ្ឍ​សាខា សម្រេចបាន​លទ្ធផល​ជា​បន្តបន្ទាប់​ទៀត ផងដែរ ។

​ក្នុងឱកាស​នោះដែរ លោកជំទាវ ម៉ែន នារី​សុភ័គ បាន​សំដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​បំផុត និង​ពាំ​នាំនៅ​សេចក្ដី​នឹករលឹក ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួម​ជាមួយនឹង​ប្រសាសន៍​ថ្លែងអំណរគុណ និង​ការកោតសរសើរ ចំពោះ គណៈ​កិត្តិយស គណៈកម្មាធិការ​សាខា អនុសាខា ក្រុម​ប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា ដែល​តែងតែ​ធ្វើ​សកម្ម​ក្នុងការ​បំពេញភារកិច្ច​មនុស្សធម៌ ជួយ​សម្រាល​ការលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ បាន​ឆាប់រហ័ស ទាន់ពេលវេលា ក្នុង​ស្មារតី​តួ​ខុសត្រូវ​ខ្ពស់ ស្របតាម​ទិស​វិមជ្ឈការ និង​វិសហមជ្ឈការ ស័ក្ដិ​សមជា​ជំនួយការ ឲ្យ​អាជ្ញាធរ​សាធារណៈ ក្នុង​វិស័យ​មនុស្សធម៌ ។ ថែមទាំង​បាន​ឆ្លុះបញ្ចាំង ពី​វឌ្ឍនភាព នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្ថាប័ន អភិវឌ្ឍន៍​សាខា របស់​កាកបាទក្រហម​កម្ពុជា ដែល​បាន​ដំណើរការ​យ៉ាង​មុតមាំ ចាប់តាំងពី​សម្ដេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ជាប់ឆ្នោត​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​រៀងមក និង​ជាការ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់ច្បាស់​ថា ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ សាខា​កាកបាទក្រហម ខេត្តកំពង់ចាម ក៏ដូចជា សាខា ២៥​ផ្សេងទៀត មានការ​រីកចម្រើន ម្ចាស់ការ​ខ្ពស់ ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក របស់​អ្នករងគ្រោះ អ្នក​ងាយ​រងគ្រោះ​បំផុត ពោល គឺ​ពិតជា​បាន​ជួយ​សម្រាល​បន្ទុក របស់​ថ្នាក់កណ្ដាល ទៀតផង ។

​លោកជំទាវ ម៉ែន នារី​សុភ័គ ក៏បាន​សំណូមពរ និង​ពាំ​នាំនូវ​អនុសាសន៍ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជម្រាបជូន​សាខា​កាកបាទក្រហម​ទាំងអស់ ឲ្យ​បន្ត​ពង្រឹង ពង្រីក​សមត្ថភាព​បន្ថែមទៀត ទាំង​ថ្នាក់កណ្ដាល សាខា អនុសាខា ដើម្បី ដឹកនាំ អ្នកស្ម័គ្រចិត្ត និង​យុវជន និង​ត្រូវ​យកចិត្តទុកដាក់​សហ​ការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ពិសេស កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត ឲ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​មនុស្សធម៌ និង​សូម​យកចិត្តទុកដាក់​ដោះស្រាយ​ជីវភាព​ដល់​សិស្ស និស្សិត ដែលមាន​ជីវភាព​ខ្វះខាត​ផងដែរ ៕​