ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សម្ដែង​ការគួរសម សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ

​នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ជួប​សម្ដែង​ការគួរសម​ជាមួយ​គណៈ​ប្រតិភូ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​សាលាខេត្ត​កំពង់ចាម​។​ជា​កិច្ច​ស្វាគមន៍ ឯកឧត្តម អ៊ុន ចាន់​ដា ក្នុងនាម​រដ្ឋបាលខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ចាម បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គឧត្តម នៅលើ​ទឹកដី​នៃ​ខេត្តកំពង់ចាម​នាពេលនេះ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​គោរព​ស្នើសុំ​គោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​ក្រឡាហោម ឧបនាយក​រដ្ឋ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​យកមកអនុវត្ត និង​ដឹកនាំ​អង្គភាព​រដ្ឋបាល​ខេត្តកំពង់ចាម ឱ្យ​ទទួលបាន​ជោគជ័យ​បន្ថែមទៀត និង​ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​មានប្រសាសន៍​ឆ្លើយតប សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​រក្សាបាន​នូវ​ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ឥតឈប់ឈរ រហូត​ធ្វើឱ្យ​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ​បាន​ប្រែ​មុខមាត់​ថ្មី​គួរ​ជាទី​មោទនៈ​។ ជាពិសេស​ជាងនេះទៅទៀត ខេត្តកំពង់ចាម​ក៏​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដោយបាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​នៃ​កូ​វីដ​-១៩ និង​ការចូលរួម​អបអរសាទរ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ រហូត​ទទួលបាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​។​

​សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​រដ្ឋបាល​ខេត្តកំពង់ចាម ដែល​បាន​ធ្នើ​ការសហការ ប្រកបដោយ​សាមគ្គីភាព​ក្នុង​ការរៀបចំ​កម្មវិធី​បុណ្យ របស់​សម្ដេច ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង តាំងពីដើម​រហូតដល់​ចប់ និង​បាន​ចូលរួម​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រមុខ​ថ្នាក់ដឹកនាំ​របស់​ជាតិ រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទាំង​ទឹកមុខ ក្រៀមក្រំ​ថា សម្ដេច​ពិតជា អារម្មណ៍​ក្តុកក្តួល និង​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​ការបាត់បង់​វីរៈជន​ឆ្នើម​របស់​ជាតិ​មួយរូប គឺ​សម្ដេច ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ដែល​ក្នុង​មួយជីវិត​របស់​សម្ដេច បាន​បូជា​អស់កម្លាំង​កាយ​ចិត្ត​ក្នុងការ​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​បួងសួង​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្ដេច ឧ​ត្ត​ម​ពេព​ញាណ ហ៊ុន ណេង បាន​អញ្ជើញ​ទៅ​ចាប់បដិសន្ធិ​ក្នុង​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​