ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាងឲ្យទូរទស្សន៍ខេត្តយូណាន បានជម្រាបជូនពីវឌ្ឈនៈភាពនៃដំណើរការងាររបស់ក្រុមហ៊ុន ដែលបានអនុវត្តន៍ក្នុងរយៈពេលមួយឆ្នាំមកនេះ ដោយទទួលបានលទ្ធផលល្អ ។
ឆ្លៀតនៅក្នុងឱកាសនោះ លោក HUANG JIANG បានគោរពថ្លែងអំណរគុណចំពោះ ក្រសួងព័ត៌មានកម្ពុជា ពិសេស ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងថ្នាក់ដឹកនាំទូរទស្សន៏ជាតិកម្ពុជា ដែលបានធ្វើកិច្ចសហការយ៉ាងល្អ ដើម្បីធ្វើអោយក្រុមហ៊ុនយូណាន់ ប្រទេសចិន បានដំណើរការដោយរលូន តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ។
លោកប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល បានលើកឡើងពីគម្រោងរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃកិច្ចសហការជាមួយរវាងក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា និងក្រសួងស្ថាប័នពាក់ពន្ធ័នានា ដើម្បីបង្ហាញនូវអ្វីដែលក្រុមហ៊ុនអនុវត្តន៍ ចំណុចខ្វះខាត រួមគ្នាដោះស្រាយ ហើយអ្វីដែលសំខាន់ទៀតនោះ ក្រុមហ៊ុន ក៏មានឃជាគម្រោងការងារសំខាន់ៗមួយចំនួន ដែលចង់បន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងវិស័យទូរទស្សន៏ និងទូរគមនាគមន៏ គម្រោងប្រពន្ធ័ OTT គម្រោងសាងសង់អគារមជ្ឍមណ្ឌលព័ត៌មានមេគង្គ ឡាង ឆាន ប្រពន្ធ័ពន្លឺព្រះអាទិត្យនិងផ្នែក អគ្គសនី ជាដើម ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ពី ជំហរក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ ក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាងឲ្យទូរទស្សន៍ខេត្តយូណាន ដើម្បីធ្វើអោយសម្រេចបានលទ្ធផលដែលបានដាក់ចេញកន្លងមក និងឈានទៅអនុវត្តន៍គម្រោងផែនការថ្មីៗបន្តទៀត ។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែល ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានទទួលជួប ឯកឧត្តម អ៊ុំ ឆៃរី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានឯកសារ និងបណ្ណាល័យ ដើម្បី
ប្រគល់សៀវភៅឯកសារស្នាដៃជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសប្រវត្តិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុន សែន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងឯកសារប្រវត្តិសាស្រ្តកម្ពុជា ។
សៀវភៅសំខាន់ៗទាំងនេះ មានជាភាសាខ្មែរ និងភាសាអង់គ្លេស ត្រូវយកទៅដាក់តម្កល់នៅបណ្ណាល័យ ក្រសួងព័ត៌មាន ទុកសម្រាប់ជាឯកសារសិក្សាស្រាវជ្រាវ រៀនសូត្រ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្ស និស្សិត ដែលចង់ស្វែងរកដើម្បីជាចំណេះដឹង ដ៏ល្អសម្រាប់បំពេញកិច្ចការងារក្នុងវិស័យរដ្ឋ និង ឯកជន ។
ឯកឧត្តម អ៊ុំ ឆៃរី បានសំដែងនូវការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានផ្តល់នូវសៀវឯកសារជាប្រវត្តិសាស្រ្តដ៏ល្អៗទាំងនេះ យកមករក្សាទុកនៅបណ្ណាល័យទីស្តីការក្រសួងព័ត៌មាន ដើម្បីអាចអោយមន្រ្តីរាជការ ថ្នាក់ដឹកនាំ និងអ្នកដែលចូលចិត្តអាន សិក្សាស្រាវជ្រាវ មានឱកាសមកមើលបានដោយងាយស្រួល ។
តមកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីជំនាញបច្ចេកទេសក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យមើលរថយន្តចល័តថ្មី របស់ទូរទស្សន៍ជាតិកម្ពុជា សម្រាប់ថតផ្សាយបន្តផ្ទាល់ ជាអំណោយរបស់រដ្ឋាភិបាលវៀតណាម ផ្តល់ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ វិទ្យុសំលេងវៀតណាម ដោយមានសម្ពន្ធ័អេមីកូ ជាអ្នកអនុវត្តន៍ផ្ទាល់។
រថយន្តចល័តថ្មីទំនើបជាអំណោយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានយកមកដល់អគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជា កាលពីចុងសប្តាហ៍កន្លងមកនេះ ដោយមានអ្នកជំនាញការបច្ចេកទេសវៀតណាម មកជាមួយផងដែរ ដើម្បីជួយបង្ហាត់បង្រៀនដល់អ្នកបច្ចេកទេសទូរទស្សន៍កម្ពុជា ជំហានដំបូងសិន ហើយនៅពេលខាងមុខទៀត នឹងពន្យល់បន្ថែមពីការប្រើប្រាស់ប្រពន្ធ័ថតផ្សាយនានានៅក្នុងរថយន្តនេះ ។
តាមការបញ្ជាក់របស់មន្រ្តីបច្ចេកទេសបានអោយដឹងថា រថយន្តចល័តថ្មីនេះ បានរៀបចំឡើងដោយបំពាក់នូវសំភារៈបច្ចេកវិទ្យាទំនើប ទាន់សម័យ ដែលអាចបំពាក់កាមេរ៉ាថតដល់ទៅចំនួន ៨ គ្រឿង ប្រភេទ 4K ថត និងទទួលរូបភាពច្បាស់ល្អ ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណដល់រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំលេងវៀតណាម ដែលបានផ្តល់ជូននូវរថយន្តចល័ត OB ថ្មី ទំនើប នេះមកដល់ទូរទស្សន៍ជាតិកម្ពុជា ដើម្បីជាការរួមចំណែកដល់ដំណើរផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិ កាន់តែមានលក្ខណៈថ្មីទំនើប លឿនរហ័សបន្ថែមទៀត ។
សម្រាប់រថយន្តចល័តថ្មីនេះ គឺទុកសម្រាប់ថតផ្សាយផ្ទាល់ព្រឹត្តការណ៍ធំៗ សំខាន់របស់ជាតិ ដូច្នេះហើយ ក្រុមការងារបច្ចេកទេសរបស់ទូរទស្សន៍ ត្រូវប្រឹងប្រែងសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់ ម៉ាសុីន និងសំភារៈបរិក្ខាបច្ចេកទេស ថ្មីទំនើបទាំងអស់នេះ ដើម្បីប្រើប្រាស់អោយត្រូវតាមស្តង់ដា និងបានយូរអង្វែង ។
គួររំលឹកដែរថា កាលពីកំឡុងខែខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុុ និងទូរទស្សន៍បាយ័ន បានផ្តល់ជូននូវរថយន្តចល័ត OB ថ្មី មួយគ្រឿងដល់ ទូរទស្សន៍ជាតិកម្ពុជា ទទក សម្រាប់ធ្វើការប្រើប្រាស់ថតផ្សាយបន្តផ្ទាល់នូវព្រឹត្តការណ៍សំខាន់ៗរបស់ជាតិ បានជាច្រើនលើកមកហើយ ពិសេសបានថតផ្សាយផ្ទាល់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័នានា ដែលកម្ពុជាធ្វើជសម្ចាស់ផ្ទះ ។ ជាមួយនេះ ក៏បានថតការប្រកួតប្រភេទវិញ្ញាសារកីឡាមួយចំនួន ក្នុងព្រឹត្តការណ៍នៃការប្រគួតកីឡាសុីហ្គេម និងប៉ាហ្គេម ផងដែរ ៕