អភិបាលខេត្ត​កំពង់ចាម​ចុះ​ពិនិត្យ​តំបន់​មេទឹក​ក្នុងស្រុក​បាធាយ និង​កំណត់​នីតិវិធី​ឈ្នះ​ឈ្នះ​ដើម្បី​ដោះស្រាយ

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០​នេះ​បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​តំបន់​មានទំនាស់ នៃ​តំបន់​មេទឹក ស្ថិតនៅ​ក្នុងភូមិ ព​ពិត ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ និង​បានកំណត់​យក​នីតិវិធី​ឈ្នះ​ឈ្នះ ដើម្បី​ធ្វើការ​ដោះស្រាយ ។

​អភិបាលស្រុក​បាធាយ​លោក ផេ​ន សុផល បាន​ប្រាប់​ឲ្យ​ដឹងថា តំបន់​មេទឹក​ស្ថិតនៅក្នុង​ភូមិព​ពិត ឃុំ​តាំង​ក្រាំង​នេះ ជា​តំបន់​ដែលមាន​ទំនាស់​រ៉ាំរ៉ៃ​យូរហើយ ដោយសារ មានការ​ទន្ទ្រាន​ប៉ះពាល់​លើ​ផ្ទៃដី​របស់​រដ្ឋ ។

​លោក ផេ​ន សុផល បាន​ឲ្យ​ដឹង​ទៀតថា តំបន់​មេទឹក​នេះ​គឺជា​ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​ទទួលផល​ប្រយោជន៍​ច្រើន ពី​ការ​បង្កបង្កើនផល​ដាំ​ដំណាំ​ស្រូវ ។​

​ហេតុ​ដូច្នេះហើយ ក្នុង​ការចុះពិនិត្យ​រប​ស់​អាជ្ញាធរខេត្ត រួម​ជាមួយនឹង​អាជ្ញាធរ​ស្រុក​បាធាយ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានរៀបចំ​នីតិវិធី​ដោះស្រាយ​តាមបែប​វិធី​ឈ្នះ​ឈ្នះ ដើម្បី​ជា​ប្រយោជន៍​ទាំងសងខាង ពោលគឺ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ការរក្សា​ផ្ទៃដី​របស់​រដ្ឋ​សម្រាប់​ជាទី​កន្លែង រក្សា​ប្រភពទឹក​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ស្រោចស្រព​ផលដំណាំ​នៅក្នុង​តំបន់​នេះ​ផងដែរ ។​