លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ជា​ចាស់ជរា ​ប្រមាណ ១.០០០​នាក់ នៅ​ស្រុក​កោះសូទិន​

លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ នៃ​ក្រសួង​ព័ត៌មាន ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​លើ​អនាម័យ សុខភាព ដើម្បី ការពារ​កុំ​ឲ្យ​ការឆ្លង នៃ​ជម្ងឺ​កូ​វីដ ១៩ ទៅក្នុង​សហគមន៍ ។ ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ជា​ចាស់ជរា មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ ឡើង ប្រមាណ ១.០០០​នាក់ នៅក្នុង​ឃុំ​ពង្រ និង​ឃុំ​មហាលាភ នៃ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០២០ នេះ ។ អញ្ជើញ​ចូលរួម នាឱកាស​នោះ មាន​លោកជំទាវ ឈឹម​ពៅ សុ​កាន​ឌី អគ្គនាយិកា​វិទ្យុជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ចុះ​ឃុំ​ពង្រ និង​ឯកឧត្ដម លោកជំទាវ ជា​ក្រុមការងារ ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ជាច្រើនរូប ផងដែរ ។​

ជាមួយនឹង​ការលើកឡើង នូវ​ប្រសាសន៍​ផ្ដាំផ្ញើ ពី​សំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​កោះសូទិន និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាពិសេស ប្រសាសន៍​ផ្ដាំផ្ញើ និង​ការសាកសួរ​សុខទុក្ខ របស់​សម្ដេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដល់​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ពង្រ និង​ឃុំ​មហាលាភ នៃ​ស្រុក​កោះសូទិន លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ បាន​បញ្ជាក់ថា ការជួបជុំ​នេះ ជា​ទម្លាប់​យូរ​ឆ្នាំ​មកហើយ ជាពិសេស ការជួបជុំ​នា​ឱ​កា​សបុ​ណ្យ​ភ្ជុំបិណ្ឌ​ម្ដងៗ ដើម្បី បាន​ជួប​សំណេះសំណាល និង​ជួយឧបត្ថម្ភ​នូវ​ថវិកា ដោយ​ទឹកចិត្ត សទ្ធា​ជ្រះថ្លា សម្រាប់​ជួយឧបត្ថម្ភ​ដល់ អ៊ុំ ពូ មីង ជា​ចាស់ជរា នៅក្នុង​មូលដ្ឋាន ដើម្បី បាន​ចូលរួម​ធ្វើ​បុណ្យទាន ផងដែរ ។ លោកជំទាវ មានប្រសាសន៍ថា បច្ចុប្បន្ន ដោយសារ​ស្ថានភាព​ពិភពលោក ក៏ដូចជា ប្រទេស​កម្ពុជា កំពុង​រង​វិបត្តិ​កូ​វីដ ១៩ ក្នុងនោះ ប្រជាពលរដ្ឋ ជាពិសេស ចាស់ជរា​បាន​រង​ប៉ះពាល់ ក្នុង​ជីវភាព ផងដែរ ។

ដូច្នេះ សូម​ឲ្យ អ៊ុំ ពូ មីង ទាំងអស់ យកចិត្តទុកដាក់​លើ​អនាម័យ សុខភាព ជាពិសេស គឺ​ការចូលរួម​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា ធ្វើយ៉ាងណា កុំ​ឲ្យ​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​នេះ រីក​រាលដាល​ចូល​ទៅដល់​សហគមន៍ ស្របតាម​កិច្ចខិតខំ​ប្រឹងប្រែង របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានធ្វើការ​ទប់ស្កាត់​ជោគជ័យ មិន​ជម្ងឺ​កូ​វីដ ឆ្លង​ចូលទៅក្នុង​សហគមន៍​នោះ ។ លោកជំទាវ សង្កត់ធ្ងន់ថា បើទោះបីជា មកដល់ពេលនេះ អ្នក​ជម្ងឺ​កូ​វីដ ១៩ នៅ​កម្ពុជា នៅសល់តែ​ម្នាក់ ក្នុងចំណោម​អ្នក​ជម្ងឺ ២៧៤​នាក់ ដែល​បាន​សម្រាក​ព្យាបាល​ជាសះស្បើយ​ក្ដី តែ​យើងទាំងអស់គ្នា មិនត្រូវ​ធ្វេសប្រហែស និង​មើលស្រាល​ឡើយ ពោលគឺ សូម​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ក៏ដូចជា​មូលដ្ឋាន​នីមួយៗ ត្រូវ​រក្សា​អនាម័យ តាម​យៈ ការលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជេ​ល ឲ្យ​បាន​ញឹកញាប់ ត្រូវ​ថែរក្សា​គម្លាត​សុវត្ថិភាព​សង្គម ត្រូវ​ពាក់​ម៉ាស នៅពេល​ជួបជុំគ្នា ជាពិសេស ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី ការពារ​ការឆ្លង​រាលដាល់ នៃ​ជម្ងឺ​កូ​វីដ ១៩ ចូលទៅក្នុង​សហគមន៍ ថ្វីត្បិតតែ ប្រទេស​កម្ពុជា មានតែ​ករណី​ឆ្លង នាំចូល​ពី​បរទេស​ក្ដី ។

ដោយឡែក ដោយសារ​រដូវ​នេះ ជា​រដូវភ្លៀង អាចមាន​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ ជាពិសេស ជម្ងឺគ្រុនឈាម និង​គ្រុន​ឈិ​ក សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន ចំពោះ សុខភាព​កូនចៅ​របស់​ខ្លួន ផងដែរ ។​

​លោក ឃឹម ប៉ោ​ទាង មេឃុំ​ពង្រ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​២ បាន​សម្ដែង នូវ​សេចក្ដី​រី​រាយ​បំផុត និង​បានចាត់ទុក ការ​ចុះមក​សួរសុខទុក្ខ របស់ លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ និង​ថ្នាក់ដឹកនាំ​ទាំងអស់ នាពេលនេះ គឺជា​កាយវិការ និង​ទឹកចិត្ត​អាណិត​ស្រឡាញ់ ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក នៅក្នុង​មូលដ្ឋាន គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ជាពិសេស កន្លងមក ថ្នាក់ដឹកនាំ​តែងតែ​ផ្សាភ្ជាប់​នូវ​អំណោយ​ជា​សម្ភារៈ គ្រឿង​បរិក្ខា និង​ស្បៀងអាហារ​ផ្សេងៗ ដើម្បី ជួយ​សម្រួល​ដល់​ជីវភាព ប្រជាពលរដ្ឋ​យើង ។ មួយវិញទៀត ចាប់ពី​ខែមករា ឆ្នាំ​២០២០​មក ជម្ងឺ​កូ​វីដ ១៩ កំពុង​រាតត្បាត​យ៉ាង​សាហាវ​ទូទាំង​សកលលោក ធ្វើ​ឲ្យ​សេដ្ឋកិច្ច មានការ​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​យ៉ាងច្រើន សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ ។ ដោយឡែក នៅ​ឃុំ​ពង្រ ក៏មាន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ទទួលបាន​ថវិកា គោលនយោបាយ​ពី​រដ្ឋាភិបាល ចំនួន ២៣៥​គ្រួសារ ផងដែរ ។

នាឱកាស​សំណេះសំណាល​នេះដែរ លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ក៏បាន​ចែកជូន​នូវ​ថវិកា​កំដ​ដៃ ទៅដល់​ប្រជាពលរដ្ឋ​ជា​ចាស់ជរា ចំនួន ៩០៩​នាក់ ដែល​ក្នុង​ម្នាក់ៗ​ថវិកា ២​ម៉ឺន​រៀល ។​

ដោយឡែក ឆ្លៀត​ក្នុងឱកាស ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ទាំង ២​ឃុំ ខាងលើ លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារី​កម្ពុជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ នៃ​ក្រសួង​ព័ត៌មាន និង​សហការី អមដំណើរ ក៏បាន​អញ្ជើញ​នាំ​ទេយ្យទាន និង​បច្ច័យ ចំនួន ១.៧៨០.០០០​រៀល វេរ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ពង្រ និង​វត្ត​មហាលាភ នាឱកាស​កាន់បិណ្ឌ ៨ សរុប​ចំណាយ​ថវិកា​ចំនួន ២១.០៤៣.០០០​រៀល (​ម្ភៃ​មួយ​លាន ប្រាំ​សែន បួន​ម៉ឺន បី​ពាន់​រៀល​) ៕ សា​រ៉ា​ត