មន្ទីរធម្មការ និងគណៈសង្ឃខេត្តកំពង់ចាម បន្តអំពាវ នាវឱ្យប្រជាពលរដ្ឋ អនុវត្តវិធានការនានា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ -១៩ នាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

អត្ថបទដោយ៖ លោក អឿន ស្រួ

លោក អ៊ុន សុផល អនុប្រធានមន្ទីរធម្មការខេត្តកំពង់ចាម មានប្រសាសន៍ថា មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម នឹងបន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារការឆ្លងនូវជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បន្ថែមទៀតដល់ប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាសនិកជន។


លោក អ៊ុន សុផល ចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិខេត្តកំពង់ចាម នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានបន្តថា មន្ទីរធម្មការនឹងបន្តផ្សព្វផ្សាយសារាចរនេះដល់គណៈកម្មការគ្រប់វត្តអារាម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្នក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍។


លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់រក្សានូវសុវត្ថិភាព អនាម័យចំណីអាហារឲ្យបានល្អត្រឹមត្រូវ ចៀសវាងបង្ហាសុខភាព ដែលបណ្តាលមកពីម្ហូបអាហារផងដែរ។


ព្រះធម្មសាលវង្ស សា វិរៈ ព្រះវិន័យធរគណខេត្តកំពង់ចាម ព្រះគ្រូអនុគណក្រុងកំពង់ចាម និងជាព្រះចៅអធិការវត្តខេមវ័នបឹងស្នាយ មានសង្ឃដីការចម្រើនពរដល់ប្រជាពលរដ្ឋ ការពារខ្លួនកម្រិតខ្ពស់ពីការចម្លងកូវីដ-១៩ តាមទីវត្តអារាម ដោយអនុវត្តន៍វិធានការសាមញ្ញៗ ដូចជាលាងសម្អាតដៃឲ្យបានស្អាតជានិច្ច ពាក់ម៉ាសឲ្យបានជាប់ជានិច្ច។ បន្ថែមលើនេះ ពេលស្តាប់ព្រះសង្ឃសូត្រធម៌ ពេលរាប់បាតព្រះសង្ឃ និងធ្វើសកម្មភាពដទៃតៀត ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយបែងចែកឲ្យមានក្រុមតូចៗ។


ព្រះធម្មសាលវង្ស សា វិរៈ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ត្រូវជួយប្រជាពលរដ្ឋ ក្នុងការរៀបចំសុវត្ថិភាពជូនពួកគាត់ឲ្យបានល្អ ធ្វើយ៉ាងណាឲ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងផងដែរ៕