ខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌

ដោយ៖ ភ័ណ្ឌ ប៉ាង

កំពង់ចាម៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌ ជាមួយមន្ត្រីយុត្តិធម៌ នៅសណ្ឋាគារអិលប៊ីអិន អេស៊ាន ខេត្តកំពង់ចាម។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ​ និងមានការចូលរួមពីមន្ត្រីយុត្តិធម៌ ដែលជាចៅក្រម ព្រះរាជអាជ្ញារង ចៅក្រមកម្មសិក្សា ប្រធាន អនុប្រធានការិយាល័យ មកពីខេត្តគោលដៅ ចំនួន៨ រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និស្សិតផ្នែកច្បាប់ អង្គការជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធ សរុប ចំនួន ៦០នាក់ (ស្រី ១៥នាក់)។

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពបងប្អូនជាជនមានពិការភាព រួមចំណែកអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើក​កម្ពស់​​​សិទ្ធិ​ជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ​និង​លិខិតបទដ្ឋានគត្តិ​យុត្ត​ផ្សេងៗ​​​​ជាច្រើនទៀត របស់រាជរដ្ឋាភិបាល។ ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានបង្កើតក្រុមប្រឹក្សា​សកម្មភាពជនពិការខេត្តកំពង់ចាម មាន​សមាស​ភាព​​​​​មកពីមន្ទីរ អង្គភាព និងអង្គការដៃគូ ដែលបាននឹងកំពុងធ្វើការងារវិស័យពិការភាពក្នុង​ខេត្តសរុបចំនួន ៤៧នាក់​ (ស្រី ១២នាក់) ដែល​មានឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ នៃ​គណៈអភិបាល​ខេត្ត ជាប្រធានកិត្តិយស និងលោកជំទាវ ជា​ប្រធាន​ បានរួមគ្នាកសាងផែនការសកម្មភាពប្រចាំឆ្នាំ ច្បាស់លាស់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងមានរបបប្រជុំជាទៀង​ទាត់ វគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាព និងវេទិកាសាធារណៈ ដោយទទួលបានការគាំទ្រ និងសហការឧបត្ថម្ភដោយ រដ្ឋបាលខេត្ត កម្មវិធី ACCESS1 ACCESS2 និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​(UNDP)។

 លោកស្រី ​រ៉ូអានណា តាយ (Roanna TAY) ប្រធានផ្នែកកិច្ចការបង្ការទប់ស្កាត់ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា​ បានមានមតិស្វាគមន៍ដល់អង្គពិធី និងមានការរំពឹងថា នៅចុងបញ្ចប់ នៃវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងយល់ដឹងពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងសិទ្ធិជនពិការ អាចកំណត់អត្តសញ្ញាណ និងកាត់បន្ថយឧបសគ្គដែលជនពិការប្រឈមមុខនៅពេលទទួលបានសិទ្ធិរបស់ពួកគេ និងអាចពង្រឹងកិច្ចសហប្រតិបត្តិការរវាងតួអង្គក្នុងវិស័យយុត្តិធម៌ អង្គការជនពិការ និងដៃគូអភិវឌ្ឍក្នុងស្រុក ដើម្បីជំរុញការទទួលបាននូវសិទ្ធិ និងយុត្តិធម៌ ព្រោះជំហានជាក់ស្តែងទាំងនេះមានសារៈសំខាន់ណាស់ ដោយសាររដ្ឋាភិបាលកម្ពុជាត្រូវរៀបចំបញ្ជូនរបាយការណ៍ដំបូងរបស់ខ្លួនទៅកាន់គណៈកម្មាធិការសិទ្ធិជនពិការ ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិដែលត្រួតពិនិត្យការអនុវត្តអនុសញ្ញានេះ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្នុងនាមឯកឧត្តមផ្ទាល់ គឺមានសេចក្តីសោម​នស្ស​រីករាយដោយបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» នាឱកាស ដ៏មានអត្ថន័យពេលនេះ។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាសេនាធិការ តែងបានយកចិត្តទុកដាក់ និងគិតគូរជាប់ជាប្រចាំអំពីសុខុមាលភាព និងជាពិសេសលើកកម្ពស់សិទ្ធិជនមានពិការភាព ក្នុងក្របខណ្ឌជាតិតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ពោលគឺតាមរយៈការកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា និងបានប្រកាសដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ តាំងពីខែកក្តដា ឆ្នាំ២០០៩ មក។ ទន្ទឹមនេះ ព្រះរាជាណាចក្រកម្ពុជាយើងក៏បានផ្ដល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និងចូលជាធរមាននៅថ្ងៃទី១៩​ ខែមករា ឆ្នាំ២០១៣។ ក្នុងនាមជារដ្ឋភាគី យើងបាននិងកំពុងចាត់គ្រប់វិធានការ ដើម្បីប្រែក្លាយសិទ្ធិដែលមានចែងក្នុងអនុសញ្ញាឱ្យក្លាយជាការពិត ដើម្បីធានានិងលើកស្ទួយសមិទ្ធផលពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់សម្រាប់ជនមានពិការភាព ដោយគ្មានការរើសអើងចំពោះជនមានពិការភាពណាមួយឡើយ រួមទាំង ស្រ្តីនិងកុមារមានពិការភាពផងដែរ៕