អាជ្ញាធរ​ក្រុង​កំពង់ចាម សម្រេច​ផ្អាក​បណ្ដោះអាសន្ន នូវ​អាជីវកម្ម​ ​អាហារ​ដ្ឋា​ន​លក់​បបរស ១​កន្លែង យីហោ តា មឿ​ន

អត្ថបទ៖ ចិន សារ៉ាត

​តាម​សេចក្ដីជូនដំណឹង របស់​សាលាក្រុង​កំពង់ចាម ស្ដីពី​ការផ្អាក​បណ្ដោះអាសន្ន​អាហា​រដ្ឋា​ន ១​កន្លែង យីហោ តា មឿ​ន លក់​បបរស ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទី​៣ សង្កាត់​កំពង់ចាម ចាប់ពី​ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០២០ នេះ តទៅ ។ នេះ​បើតាម​ការបញ្ជាក់ របស់ លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម ។​

លោក​អភិបាលក្រុង មានប្រសាសន៍ថា កាលពី​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៧ និង​០០​នាទី កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង របស់​អធិការដ្ឋាន​នគរបាល ក្រុង​កំពង់ចាម អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ របស់​មន្ទីរ​សុខាភិបាល ខេត្តកំពង់ចាម ចុះ​ស្រាវជ្រាវ​ត្រួតពិនិត្យ​អាហារ​ដ្ឋា​ន មួយកន្លែង យីហោ តា​មឿ​ន បបរស មាន​ម្ចាស់​ឈ្មោះ ហ៊ី ណា​រុំ ភេទ​ស្រី មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដោយ​សង្ស័យថា ទីតាំង​នេះ ជាទី​តាំង​មួយ ដែល​ពាក់ព័ន្ធ ប៉ះពាល់​ដោយសារ ឈ្មោះ អិត កុ​ម៉ា​ល ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​សង្កាត់​បឹង​កេងកង ៣ ខ័​ណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​បាន​ទៅ​ហាង Zando នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍ ២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ ហើយ​បាន​ចូលមក​ហូប​បបរស កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៨ និង​០០​នាទី ។ ដូច្នេះ ដើម្បី ចូលរួម​ការពារ នៃ​ការរីក​រាលដាល ក្នុង​សហគមន៍ នៃ​ជម្ងឺ​កូ​វីដ ១៩ ម្ចាស់​អាហារ​ដ្ឋា​ន​ខាងលើ ត្រូវ​ផ្អាក​ធ្វើ​អាជីវកម្ម​បណ្ដោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ ជាមួយ​នោះ ម្ចាស់​អាហា​រដ្ឋា​ន និង​អ្នក​ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ទៅតាម​ណែនាំ​របស់​ក្រសួងសុខាភិបាល ។​

លោក​អភិបាលក្រុង​កំពង់ចាម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលទៅ​ពិសារ នៅ​អាហារ​ដ្ឋា​ន តា មឿ​ន លក់​បបរស ក្នុង​ចន្លោះ​នោះ ត្រូវ​ស្ម័គ្រចិត្ត​ទៅពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង ផងដែរ ៕