អត្ថបទ៖ ចិន សារ៉ាត
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមគ្រូពេទ្យ ជំនាញស្ម័គ្រចិត្ត អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះបាញ់ថ្នាំសម្លាប់ មេរោគកូវីដ ១៩ ក្នុងមូលដ្ឋាន ស្រុកកងមាស និងលើទីតាំងផ្សេងទៀត សរុបចំនួន ០៤កន្លែង នៅក្នុងខេត្តកំពង់ចាម ដើម្បី ការពារការរីករាលដាលជម្ងឺកូវីដ ១៩ ។
ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីបាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩ នៅតំបន់កើតជម្ងឺខេត្តកំពង់ធំ រួចមក ក្រុមគ្រូពេទ្យចិន បានបន្តបេសកម្មមកបាញ់ថ្នាំ នៅខេត្តកំពង់ចាម តាមគោលដៅចំនួន ០៤កន្លែង ដែលធ្លាប់រកឃើញអ្នកជម្ងឺកូវីដ ១៩ និងបន្ទប់ដាក់ដោយឡែក ក្នុងខេត្តទៀត ផងដែរ ។ ឯកឧត្តម បានបន្ថែមទៀតថា ទីតាំងដែលក្រុមគ្រូពេទ្យ ជំនាញស្ម័គ្រចិត្ត អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះបាញ់ថ្នាំសម្លាប់មេរោគ ទាំងនោះ រួមមាន ៖ ទី១.នៅវិហារឥស្លាមសាច់សូរ ឃុំពាមជីកង និងភូមិពង្រ ក្នុងស្រុកកងមាស ។ ទី២.នៅសណ្ឋាគាមេគង្គ ក្រុងកំពង់ចាម ។ ទី៣.នៅចំណតរថយន្ត ផ្សារកំពង់ចាម និងថ្ងៃទី១១ ខែឧសភា នេះ បន្តបេសកម្ម បាញ់នៅលើទីតាំងទី៤ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ។ ឯកឧត្ដមអភិបាលរងខេត្ត បញ្ជាក់ដែរថា ក្រៅពីបាញ់ថ្នាំសម្លាប់មេរោគកូវីដ ១៩ ក្រុមគ្រូពេទ្យ ចិនក៏បានចែករំលែកចំណេះដឹងនេះ ដល់លោកគ្រូពេទ្យមន្ទីរពេទ្យ ខេត្តកំពង់ចាម ដោយបង្រៀន ឲ្យពួកគាត់ចេះបាញ់ថ្នាំ ខណៈពេលដែលថ្នាំនេះ មានកម្រិតខ្ពស់ ដោយបាញ់ថ្នាំក្នុងបន្ទប់ ចំហាយវាអាច ទៅសម្លាប់មេរោគបាន ដោយងាយ ។
គូសបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យ ជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន មានសរុបចំនួន ១៨នាក់ ។ បន្ទាប់ពីការចុះបេសកម្មបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងខេត្តកំពង់ចាម ក្រុមអ្នកស្ម័គ្រចិត្តនេះ នឹងបន្តដំណើរទៅកាន់ខេត្តត្បូងឃ្មុំ បន្តទៀត។