អាជ្ញាធរស្រុកកងមាស អនុញ្ញាតឲ្យម្ចាស់សំណង់សាងសង់លើដីចំណីព្រែកដោយសារប្រយោជន៍សាធារណៈជាធំ

នួន សត្យា

default

(កំពង់ចាម)៖ អភិបាលរងស្រុកកងមាស លោក អឿន សុធាលី បានអះអាងថា អាជ្ញាធរស្រុក បានអនុញ្ញាតឲ្យម្ចាស់សំណង់សាងសង់លើដីចំណីព្រែកដោយសារតែមើលឃើញថា វាជាប្រយោជន៍សាធារណៈ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានតែម្តង ។ លោក អឿន សុធាលី បានបញ្ជាក់ដូច្នេះនាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីបញ្ចប់ការភាន់ច្រឡំ របស់មហាជនទាក់ទិនទៅនឹងសំណង់មួយកន្លែង សង់ប៉ះពាល់ដីចំណីព្រែក ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

អភិបាលរងស្រុកកងមាស លោក អឿន សុធាលី បានឲ្យដឹងទៀតថា ម្ចាស់សំណង់មានឈ្មោះ សេង គឹមសា ភេទស្រី អាយុ ៧២ឆ្នាំ មានលំនៅដ្ឋាន បែរមុខមកផ្លូវ ជាប់ព្រែក ក្នុងភូមិអន្លង់គគី ឃុំស្ដៅ ស្រុកកងមាស។ ប៉ុន្តែជារៀងរាល់ឆ្នាំពេលមានទឹកជំនន់ ដីមាត់ព្រែកតែងតែបាក់ស្រុតចុះ ស្ទើរតែដាច់ផ្លូវមុខផ្ទះរបស់គាត់ ។ ប្រការដែលបាក់ស្រុតផ្លូវចូលព្រែកនោះហើយ ទើបម្ចាស់សំណង់រូបនោះបាន ស្នើសុំទៅអាជ្ញាធរស្រុកកងមាស ដើម្បីបានសាងសង់ ទុក្ខសម្រាប់ បម្រើជាប្រយោជន៍រួម ពោលគឺ សម្រាប់ ជ្រក សម្រាក នៃប្រជាពលរដ្ឋទូទៅ និងម្យ៉ាងទៀត ក្នុងបំណងទប់ដីមាត់ព្រែក កុំឲ្យបាក់ស្រុតដាច់ផ្លូវបន្តទៀត។ លោកអភិបាលរងស្រុក បានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះក្រៅពីការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺបានផ្សារភ្ជាប់ជាមួយ ឃុំព្រែកកុយ ឃុំរាយប៉ាយ ឬក៏អាចធ្វើដំណើរពីឃុំច្បារអំពៅ ក្នុងស្រុកបាធាយ មកតាមផ្លូវនេះផងដែរ។

បើតាម លោក ឡាយ សេងហុង មេឃុំស្តៅ បានឱ្យដឹងផងដែរថា ផ្លូវមាត់ព្រែកនោះធ្លាប់រកនូវការបាក់ស្រុតចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ ។ ជាមួយគ្នានោះអាជ្ញាធរឃុំ ធ្លាប់បានជួយចាក់ដីមាត់ព្រែកនោះរាប់រយឡានផងដែរ ប៉ុន្តែនៅតែទប់មិនឈ្នះ ។ លោកមេឃុំបញ្ជាក់ថា ប្រសិនបើគ្មានសំណង់ទប់ដីនោះទេ ផ្លូវនោះនឹងត្រូវបាក់ស្រុតទាំងអស់ និងត្រូវផ្អាកចរាចរណ៍ទាំងស្រុង បណ្ដាលឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមកពីតំបន់ផ្សេងៗ ឆ្លងកាត់លែងបាន។

ដោយឡែក លោក ឡេះ ប៊ុល ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្រុកកងមាស បានប្រាប់ឲ្យដឹងថា សំណង់ខាងលើគឺសាងសង់លើដីចំណីព្រែក ដោយការិយាល័យជំនាញមិនបានចេញលិខិតអនុញ្ញាតសាងសង់ឲ្យម្ចាស់សំណង់នោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយសំណង់នេះ គេមើលឃើញថា គឺសាងសង់សម្រាប់ជាប្រយោជន៍សាធារណៈ ពោលគឺមិនមែនម្ចាស់សំណង់ សាងសង់សម្រាប់ទុកជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ។

លោក ឡេះ ប៊ុល ឱ្យដឹងទៀតថា សំណង់ចំណុចនោះបានសាងសង់ ៣លើកមកហើយ ដោយលើកមុន សាងសង់លក្ខណៈតូច និងបានបាក់ស្រុតចូលក្នុងព្រែក ។ ដូច្នេះលើកនេះ ម្ចាស់សំណង់សាងសង់ឲ្យបានរឹងមាំ ដើម្បីទប់ការបាក់ស្រុតផ្លូវមាត់ព្រែក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ៕

default
default
default