ឯកឧត្ដម អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រីរាជការ កាន់បិណ្ឌ ៩ នៅ​វត្ត​និរោធ​រង្សី ស្រុក​បាធាយ​

អត្ថបទ៖ ចិន សារ៉ាត

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា (ឆ្វេង) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម (កណ្ដាល) ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត (ស្ដាំ)

ដើម្បី រួមចំណែក​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ជាពិសេស ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​កំពុង​អបអរសាទរ ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ រួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​កាន់បិណ្ឌ​វេន ៩ នៅ​វត្ត​និរោធ​រង្សី (​ហៅ​វត្ត​និរោធ​) ស្ថិតនៅ​ឃុំ​ត្រប់​ស្រុក​បាធាយ ។ ពិធី​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ ជា​អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​ពុទ្ធបរិស័ទ យ៉ាងច្រើន​កុះករ ផងដែរ ។​

នាឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត និង​ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សហការី​អមដំណើរ ក៏បាន​អញ្ជើញ​បូជា​ទៀនធូប​ផ្កា​ភ្ញី សមាទានសីល បង្សុកូល ដើម្បី ឧទ្ទិស​ដល់​ដួង​វិញាណក្ខន្ធ​របស់​បុព្វ​ការី​ជន ញាតិ​ការ​ទាំង ៧​សណ្ដាន ដែល​បាន​ចែក​ឋាន និង​ឧទ្ទិស​កុសល ជូន​ដល់​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​ជីវិត ដើម្បី បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​ស្លូតត្រង់ ដែល​ទទួល​ទុក្ខ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សូម​ឲ្យ​ដួង​វិញាណក្ខន្ធ​អ្នក​ទាំងអស់ ឲ្យ​បាន​សោយសុខ​ទៅកាន់​ឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

មានប្រសាសន៍​សំ​ណះ​សំ​ណា​ល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នាឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ថ្លែងថា វត្ត​នា​រោ​ត​រង្សី ជា​វត្ត​មួយ នៅក្នុង​ខេត្តកំពង់ចាម ស្ថិតនៅ​ភូមិ​ដាច់ស្រយាល និង​ឆ្ងាយ​ពី​គេ មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ធំ និង​ខេត្តកំពង់ឆ្នាំង ។ ឯកឧត្ដម បន្តថា ភូមិ​នេះ កាលពីមុន មាន​ភូមិសាស្ត្រ​លំបាក ទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​សន្តិសុខ ។ ប៉ុន្តែ បច្ចុប្បន្ននេះ ភូមិ​រោ​ធ មានការ​អភិវឌ្ឍន៍ និង​ប្រែ​មុខមាត់​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ដោយសារ​ប្រទេស​យើង​មាន​សុខសន្តិភាព​បរិបូណ៌ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ។ តម្លៃ នៃ​សុខសន្តិភាព​នេះ បានមក​យ៉ាង​ដោយ​លំបាក ក្រោម​ការលះបង់ ពី​ឥស្សរជន វីរជន​យុទ្ធជន ហើយ​ផ្ដល់ឱកាស ឲ្យ​យើង​គ្រប់ៗ​គ្នា បាន​ជួបជុំគ្នា​ធ្វើបុណ្យ ធ្វើ​ទាន ដូច​សព្វថ្ងៃនេះ ។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា ថែរក្សា និង​ការពារ​សុខសន្តិភាព នេះ ឲ្យ​បាន​គង់​វង់​ស្ថិតស្ថេរ តទៅ​អនាគត ។​

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ថ្លែងអំណរគុណ ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ជំនឿ​ជឿជាក់ និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។ ឯកឧត្ដម​អភិបាលខេត្ត លើកឡើងថា ដោយសារ​កត្តា​បម្រែបម្រួល​អាកាសធាតុ និង ទឹកទន្លេ​មេគង្គ​ឆ្នាំនេះ មាន​កម្ពស់​ទាប​ជាង​បណ្ដា​ឆ្នាំ​កន្លងទៅ បណ្តាល​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ខេត្តកំពង់ចាម អាច​នឹង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ធ្វើស្រែ នា​រដូវប្រាំង ខាងមុខនេះ ។ ហេតុដូច្នេះ សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ យកចិត្តទុកដាក់​ថែរក្សា និង​ការប្រើប្រាស់​ទឹក ដោយ​សន្សំសំចៃ បំផុត ។

ដោយឡែក ដោយសារ​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វី ១៩ ជាស​កល ឯកឧត្តម បានធ្វើការ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​បន្ត​ការយកចិត្តទុកដាក់​ខ្ពស់ អនុវត្ត​នូវ​វិធានការ​ការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ ដោយ​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល ឲ្យ​បាន​ញឹកញាប់ និង​ត្រូវ​ប្រកាន់ខ្ជាប់ នូវ​វិធានការ​អនាម័យ ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី កុំ​ឲ្យ ជម្ងឺ ដ៏​កាច​សាហាវ​មួយ​នេះ ឆ្លង​ចូលទៅក្នុង​សហគមន៍ ។ ក្រៅពីនោះ ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អប់រំ​ណែនាំ​ដល់​កូនចៅ បងប្អូន គ្រួសារ​សាច់​ញ្ញាត​របស់ខ្លួន ឲ្យ​ចូលរួម​រព​ច្បាប់​ចរាចរណ៍ ផ្លូវគោក ទាំងអស់គ្នា ។​

សូម​បញ្ចា​ក់ថា ក្នុងឱកាស​កាន់បិណ្ឌ​វេន ៩ នេះដែរ ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​នាំយក​ចង្ហាន់ ទេយ្យទាន ជា​គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ ចំនួន ៨.០០០.០០០​រៀល វេរ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​និរោធ​រង្សី នេះ ផងដែរ។