អាជ្ញាធរខេត្ត​កំពង់ចាម ដាំ​កូនឈើ​ប្រភេទ​ធ្នង់​ជិត​១០០០​ដើម តាម​បណ្ដោយ​ផ្លូវ​គល់ស្ពាន ស្ទឹងត្រង់​-​ក្រូចឆ្មារ​

អត្ថបទ៖ នួន សត្យា

អាជ្ញាធរខេត្ត​កំពង់ចាម ដឹកនាំ​ដោយ ឯកឧត្តម ​អ៊ុន ចាន់​ដា អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២០ បានរៀបចំ​ពិធី​ដាំ​កូនឈើ​ប្រភេទ​ឈើ​ធ្នង់ ប្រមាណ​ជា ១០០០​ដើម នៅតាម​បណ្ដោយ​ផ្លូវ ចំណុច​រង្វង់​មូល​គល់ស្ពាន​ឆ្លងកាត់​ទន្លេ ក្នុងស្រុក​ស្ទឹងត្រង់ និង​ស្រុក​ក្រូចឆ្មារ ។

​ ឯកឧត្តម ​អភិបាលខេត្ត​បាន ថ្លែង​ក្នុងឱកាស​នោះ​ថា នៅក្នុង​ខណៈពេលដែល​រាជរដ្ឋាភិបាល ជំរុញ​នូវ​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ដូច្នេះ​ក្នុងនាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​ទាំងអស់គ្នា ក្នុងការ​រៀបចំ​សោភ័ណភាព ឲ្យ​ស្រស់បំព្រង នៅក្នុង​មូលដ្ឋាន​របស់​យើង​ផងដែរ ។ ជាពិសេស​ការចូលរួម​ដាំ​កូនឈើ​នាពេលនេះ ពិតជា​មានតម្លៃ​នឹងមាន​ប្រយោជន៍​យូរអង្វែង ពោលគឺ​បាន​ចូលរួម​កាត់បន្ថយ ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សោភ័ណភាព នៅក្នុង​ទីប្រជុំជន​របស់​យើង​នេះ​តែម្តង ។

​ ឯកឧត្តម ​អភិបាលខេត្ត​បាន​ថ្លែងបន្តថា ស្ពាន​ឆ្លងកាត់​ទន្លេ​ក្នុងស្រុក​ស្ទឹងត្រង់ និង​ស្រុក​ក្រូចឆ្មារ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្ដល់​ជូន​ជាពិសេស​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដើម្បី​បម្រើ​ដល់​សេដ្ឋកិច្ចជាតិ ក៏ដូចជា​លើកស្ទួយ​សេដ្ឋកិច្ច​ជីវភាព​គ្រួសារ​ក្នុង​តំបន់​ផងដែរ ។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ឲ្យ​តំបន់​របស់​យើង​នេះ​
​មានការ​អភិវឌ្ឍន៍​រីកចម្រើន សមស្រប​ទៅនឹង​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ ម្យ៉ាងទៀត​ការដាំ​ដើមឈើ​ប្រភេទ​ឈើប្រណិត នាពេលនេះ ក៏បាន​មកជា​មរតក​ដ៏​ថ្លៃថ្លា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ ។

​ ឯកឧត្តម អភិបាលខេត្ត បាន​យក​ឱកាស​នោះ​ថ្លែងអំណរគុណ​ផងដែរ ដល់​លោក សាយ​សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បាន​ជួយឧបត្ថម្ភ​កូនឈើ​ប្រណិត ប្រភេទ​ឈើ​ធ្នង់​នេះ ចំនួន​១០០០ ដើម ដើម្បី​រៀបចំ​ពិធី​ដាំ​ដុះ​នាពេលនេះ ។​