លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន កោតសរសើរ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុង​យុទ្ធនា​ការប្រឆាំង​ជំងឺ​កូ​វីដ​-១៩

នួន សត្យា

(​កំពង់ចាម​)៖ ក្នុងការ​អញ្ជើញ ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​កោតសរសើរ ចំពោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម និង​សហការី​ទាំងអស់​ក្នុង​ខេត្ត ដែល​បាន​ខិតខំ​បំពេញភារកិច្ច ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ នាពេល​កន្លងទៅនេះ ។

​ស្ថិតក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​នោះដែរ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​ឧបត្ថម្ភ ម៉ាស ចំនួន ៧៥០០​ម៉ាស និង​ជែ​ល សម្រាប់​លាងដៃ​ចំនួន ១៤៤​ដប និង​ថវិកា ចំនួន ៣,០០០,០០០​រៀល សម្រាប់​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត ប្រើប្រាស់​ក្នុង​សកម្មភាព​ការងារ បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ។​

​ក្រៅពី​ការជួប​សំណេះសំណាល​ជាមួយនឹង​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​សួរសុខទុក្ខ លោកស្រី ហម អ៊ី​ម អាយុ ៦៥​ឆ្នាំ ត្រូវជា​ម្ដាយ លោក ផេ​ន សុផល អភិបាលស្រុក​បាធាយ កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​គេហដ្ឋាន សង្កាត់​វាល់​វង ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​ផងដែរ ។​