នួន សត្យា
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងសមាជិកក្រុមការងារទទួលបន្ទុកការងារកូវីដ-១៩ ខេត្តកំពង់ចាម បានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីវិធានការអនាម័យសុខភាព ដល់អ្នកកំពុងធ្វើចត្តាឡីស័ក ក្នុងស្រុកព្រៃឈរនិងស្រុកកងមាស ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ហាន កុសល បន្ទាប់ពីបានសំណេះសំណាលជាមួយអ្នកធ្វើចត្តាឡីស័ក ក្នុងមណ្ឌលចត្តាឡីស័កនៃស្រុកទាំង២ ដោយផ្តោតលើការផ្សព្វផ្សាយអំពីវិធានអនាម័យសុខភាព ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ ពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែង និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនផងដែរ ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បាននាំយកម៉ាសចំនួន ១ម៉ឺន របស់រដ្ឋបាលខេត្ត ជូនដល់ស្រុកកងមាស ៥ពាន់ និងស្រុកព្រៃឈរ ៥ពាន់ ។ យ៉ាងណាក៏ដោយ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ស្រុកទាំង២ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការម្ចាស់ការ គ្រប់គ្រងស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ទាំងនៅក្នុងមណ្ឌលចត្តាឡីស័ក និងនៅក្នុងសហគមន៍ផងដែរ ។