លោកជំទាវ ប៉ាង ដានី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកំពង់ចាម អាណត្តិទី ៤

លី ស៊ីយ៉ា

បន្ទាប់ពីការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តកំពង់ចាមរួច នាព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាក្រុងកំពង់ចាម អាណត្តិទី៤ ក៍ត្រូវបានប្រកាសចូលកាន់តំណែងផងដែរ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលាក្រុងកំពង់ចាម ។

លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបាន កំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជា ជនជាធំ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏បាន ដាក់ចេញកម្មវិធីនយោបាយជាអាទិភាពទាំង៦ និងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ។

លោកជំទាវបន្តថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកល យ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន២០ដងរួចមកហើយ ដែល ការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយព្រមទាំងបង្ហាញពី ភាពចាស់ទុំខាងផ្នែកនយោបាយរបស់រាជរដ្ឋា-ភិបាលក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់ របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្សនយោបាយទាំងអស់ផងដែរ ដែលធានាបាននូវស្ថិរភាព នយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការ រីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជាពីប្រទេសមាន ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ ៕