ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកចំការលើ អាណត្តិទី៤

កំពង់ចាម៖ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកចំការលើ អាណត្តិទី៤ នៅសាលាស្រុកចំការលើ ។

ក្នុងរយៈពេល ០៥ឆ្នាំ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត (២០១៩-២០២៤) រដ្ឋបាលស្រុក បានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងអនុវត្តស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយជោគជ័យ និងបន្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០), ផែនការអភិវឌ្ឍន៍រយៈពេល០៥ ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ព្រមទាំងបំពេញមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ក្រុមប្រឹក្សា សម្រេចបានលទ្ធផលលើគ្រប់ផ្នែក គ្រប់វិស័យ រហូតឈានដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២, និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះការអនុវត្តរបស់ក្រុមប្រឹក្សានាអាណត្តិមុនៗដែលបានខិតខំអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកទទួលបានជោគជ័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា ផ្តាំផ្ញើដល់ក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក ក៏ដូចជាមន្រ្តីមូលដ្ឋានទាំងអស់ ក្រោយពីទទួលបានសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំស្រុក ជាមួយគណៈអភិបាលស្រុក បន្តអភិវឌ្ឍន៍ ឲ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។