សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម បន្ត​បេសកកម្ម​របស់ខ្លួន ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

នួន សត្យា

(​កំពង់ចាម​)៖ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម (​ស​.​ស​.​យ​.​ក​) បាន​បន្ត​បេសកកម្ម​របស់ខ្លួន​យ៉ាងសកម្ម ក្នុង​គោលដៅ ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ តាម​បណ្តា​ស្រុក​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​។​

​បើតាម ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្តកំពង់ចាម និង​ជា​ប្រធាន ស ស​.​យ​.​ក ខេត្ត បានអោយដឹងថា តាម​ពេលវេលា​ដូចខាងលើ ក្រុមការងារ ស​.​ស​.​យ​.​ក ស្រុក​កោះសូទិន​ដឹកនាំ​ដោយ​លោក សុ​ី​វ វង្ស បាន​ចូលរួម​អមដំណើរ លោក លឿង រ៉ា​ម៉ូ អភិបាលរង​ស្រុក ចុះ​ផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ការពារ ៣​ការពារ និង​៣​កុំ និង​ផ្សព្វផ្សាយ​ឲ្យ​មាតាបិតា​យក​កូន​គ្រប់ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​ជាមួយគ្នានេះ ក្រុម ស​.​ស​.​យ​.​ក ស្រុក​ស្រី​សន្ធរ ដឹកនាំ​ដោយ​លោក តិក​សេង សុ​ន្ថ​ន បាន​ចូលរួម​សម្របសម្រួល​ការងារ​ស​ង្គ​ម​ដូចជា ការងារ​ចាក់​វ៉ាក់សាំង​ជូន កុមារ​និង​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ​រហូតដល់​ក្រោម​អាយុ ១៨​ឆ្នាំ ផងដែរ នៅ​ទូទាំង​ស្រុក​ស្រី​សន្ធរ ដែល​បានមក​ចាក់​វ៉ាក់សាំង​បាន​ចំនួន ១៤៩៩​នាក់ ស្រី​៦៧៣​នាក់ និង​បាន​បន្ត​សហការ​ជាមួយនឹង​ក្រុមគ្រូពេទ្យ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ (​ដូ​ស​ទី​២) ជូន​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្រី​សន្ធរ នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន ១២​បាន​ចំនួន ៣៤៥១​នាក់ ស្រី​១៧៦៩​នាក់ ។​

​ឯកឧត្តម ហាន កុសល អោយដឹងទៀតថា ចំណែក​ក្រុម ស​.​ស​.​យ​.​ក ស្រុក​ជើងព្រៃ ដឹកនាំ​ដោយ​លោក ជិន ហ៊ុ បាន​បន្ត​ចូលរួម​ក្នុង​ការងារ​សង្គម​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចជា បាន​សហការ​ជាមួយ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ជើងព្រៃ ផ្សព្វផ្សាយ ការអនុវត្ត​វិធានការ ៣​ការពារ និង​៣​កុំ ក្នង​ពេល​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ពី ១២​ដល់​ក្រោម ១៨​ឆ្នាំ ក្នុងស្រុក​ជើងព្រៃ ។

​ដោយឡែក ស​.​ស​.​យ​.​ក ស្រុក​ព្រៃឈរ ដឹកនាំ​ដោយ​លោក ជា បញ្ញា បាន​ចូលរួម​ជួយ​សម្របសម្រួល និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ដល់​កុមារ និង​យុវវ័យ​អាយុ ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ដែល​មកចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដូ​ស​ទី​១ ទាំង​០៣​ទីតាំង ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​៕​