អ្នកជក់បារី ឬអ្នកហិតផ្សែងបារីពីគេ ប្រឈម​ទៅនឹងការស្លាប់មុនអាយុ​១៥​ឆ្នាំ

អត្ថបទដោយ៖ អឿន ស្រួ

កំពង់ចាម ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត ថើ សុផាន់ណា ប្រធានកម្មវិធីថ្នាំជក់ខេត្តកំពង់ចាម មានប្រសាសន៍ថា អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន និងបណ្តាលឲ្យកើតជំងឺមហារីក ហើយការជក់បារីអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុរហូតចំនួន១៥ឆ្នាំ។លោកវេជ្ជបណ្ឌិត ថើ សុផាន់ណា បានប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម ក្នុងកម្មវិធីសន្ទនាមតិ នាថ្ងៃទី២៥ ខែមីនា ថា ការជក់បារី ផ្តល់ផលវិបាកយ៉ាងច្រើនដល់សុខភាព អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដូចជាជំងឺមហារីក ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ១៥ឆ្នាំ។

លោកវេជ្ជបណ្ឌិតបន្តទៀតថា បើតាមការស្រាវជ្រាវមួយផ្សេងទៀតបានឲ្យដឹងថា មនុស្សដែលឈប់ជក់បារីនៅអាយុ ៤០ឆ្នាំ អាចបង្កើនអាយុបាន ១០ឆ្នាំទៀត ដោយការឈប់ជក់បារីនៅពាក់កណ្ដាលវ័យ អាចបញ្ចៀសការស្លាប់មុនអាយុជាងអ្នកជក់ដល់ទៅ ៩០ភាគរយ។ ហើយការជក់បារីអាចបណ្ដាលឲ្យស្ទះផ្លូវដង្ហើម រលាកទងសួត កើតរោគមហារីក និងការចុះខ្សោយផ្លូវភេទជាដើម។ ក្រៅពីនេះ ការជក់បារីអាចធ្វើឲ្យអ្នកគេងមិនលក់ បាយមិនបាន ឆាប់ហេវហត់អស់កម្លាំង និងកាត់បន្ថយអាយុផងដែរ។

លោកវេជ្ជបណ្ឌិត ថើ សុផាន់ណា ឲ្យដឹងទៀតថា ចំពោះស្ត្រីមានផ្ទៃពោះវិញ ការជក់បារី ឬហិតផ្សែងបារី អាចបណ្ដាលឲ្យទារកកើតមិនគ្រប់ខែ ឬស្លាប់ និងបង្កគ្រោះថ្នាក់ចំពោះម្ដាយ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ អាចបណ្ដាលឲ្យត្បៀតសរសៃឈាមក្នុងទងសុក ដែលធ្វើឲ្យបរិមាណអុកស៊ីហ្សែនផ្គត់ផ្គង់ទៅគភ៌មានការថយចុះ ជាហេតុបង្កហានិភ័យយ៉ាងខ្លាំងក្នុងពេលទារកប្រសូត ចំណែកកុមារអាចបណ្តាលឲ្យប៉ះពាល់ប្រព័ន្ធប្រសាទបាត់ការចងចាំជាដើម។ បារីគ្មានប្រយោជន៍ចំពោះសុខភាពនោះទេ គឺមានតែផលប៉ះពាល់ម្យ៉ាងប៉ុណ្ណោះ៕