រដ្ឋបាលខេត្ត​កំពង់ចាម បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៩ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​

ជួន រតនាវង្ស

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​កំពង់ចាម បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៩ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលរង​ខេត្ត កងកម្លាំង​ទាំងបី លោកនាយក នាយករង​រដ្ឋបាល ថ្នាក់ដឹកនាំ មន្ទីរ វិស័យ​ជុំវិញ​ខេត្ត រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅមុខ​សាលសន្និសីទ​សាលាខេត្ត ។

​សម្រាប់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៩ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម បាន​លើក​ជា​របៀបវារៈ​សំខាន់ៗ ចំនួន​៥ រួមមាន​÷

១,​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៨ អាណត្តិ​ទី​៣ របស់​ក្រុម​សា​ខេត្ត ។​

២,​ពិនិត្យ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣ (​កក្កដា សីហា កញ្ញា​) និង​ទិសដៅ​ការងារ​ប្រចាំត្រីមាស​ទី​៤ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ។​

៣,​ពិនិត្យ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ផែនការ​សកម្មភាព​ការងារ​ត្រីមាស​ទី​៤ (​តុលា វិច្ឆិកា ធ្នូ ) ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ។

៤,​ពិនិត្យ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត ឆ្នាំ​២០២២ ។​

៥, បញ្ហា​ផ្សេងៗ ។​

​គូរ​បញ្ជាក់​ផងដែរ​ថា នៅក្នុង​កិច្ចប្រជុំ​ខាងលើ រដ្ឋបាលខេត្ត កំពង់ចាម បានរៀបចំ​ប្រកាស​ទទួលស្គាល់ និង​ផ្តល់​តួនាទី​ដល់​មន្ត្រី​សាលាខេត្ត ចំនួន​៣​រូប ក្នុងនោះ នាយករង​រដ្ឋបាល​សាលាខេត្ត ចំនួន ១​រូប និង​អនុប្រធាន​ការិយាល័យ ចំនួន ២​រូប ផងដែរ ។