អភិបាលខេត្ត​កំពង់ចាម ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម រៀបចំ​ផែនការ​ជួយ​រក​ទីផ្សារ​ឱ្យ​ប្រជាកសិករ ក្រោយ​ដាំ​ដុះ​បាន​ផល​

នួន សត្យា

(​កំពង់ចាម​)៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២៩ អាណត្តិ​ទី ៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ ២០២១​នេះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ណែនាំ​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ឲ្យ​រៀបចំ​ផែនការ​ដើម្បី​ជួយ​រក​ទីផ្សារ​កសិផល ដល់​ប្រជាកសិករ ដែល​ពួកគាត់​កំពុង​ប្រឈម​លើ​បញ្ហា​នេះ ។

​ ឯកឧត្តមអភិបាលខេត្ត​បាន​បញ្ជាក់ថា បញ្ហា​កសិផល​ខ្វះ​ទីផ្សារ​នេះ បានកើត​ឡើងលើ​ប្រជាកសិករ មិន​ត្រឹមតែ​ក្នុង​ខេត្តកំពង់ចាម​នោះទេ គឺ​បណ្ដារ​ខេត្ត​ផ្សេងៗ ក៏​ជួបប្រទះ​បញ្ហា​នេះដែរ ពោលគឺ ក្រោយពេល​ពួកគាត់​ដាំ​ដុះ​បាន​ផល​ហើយ គ្មាន​ទីផ្សារ ធ្វើ​ឲ្យ​ពួកគាត់​សម្រេចចិត្ត​លក់​ក្នុង​តម្លៃថោក ខាតបង់ និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​ជា​លំដាប់​ផងដែរ​។

​ជុំវិញ​បញ្ហា​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​មន្ត្រី​នៃ​អង្គភាព​មន្ទីរ​កសិកម្ម ធ្វើការ​សិក្សា ពិនិត្យ​លទ្ធភាព ដើម្បី​បង្កើត​សហគមន៍ ជួយ​ទិញ​កសិផល​របស់​ប្រជាកសិករ​យើង ដោយ​សិក្សា​លើ​ប្រភេទ​ដំណាំ​៣​ខែម្តង ថា​តើ​កសិករ​យើង​ប្រមូល​ផល​អ្វី ដូច្នេះ​មន្ទីរជំនាញ​ត្រូវ​ចងក្រង​ជា​សហគមន៍​ដោយមាន​ការសហការ​ជាមួយ​អាជ្ញាធរ​ឃុំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ជួយ​ទិញ​កសិផល របស់​ពួក គាត់ និង​ទំនាក់ទំនង​ធ្វើការ​នាំចេញ នូវ​ទំនិញ​ទាំងនោះ​ទៅ​ទីផ្សារ​ក្រៅប្រទេស ។

​ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត​បាន​ប្រាប់​ទៅ​មន្ទីរជំនាញ ត្រូវ​ចុះ​ណែនាំ​ដល់​ប្រជាកសិករ​របស់​យើង ឲ្យ​ពួកគាត់​ចេះ​ដាំ​ដុះ​ដំណាំ​ណា ដែល​សមស្រប​តាម​តម្រូវការ​ទីផ្សារ​ផងដែរ ៕​