
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម គូសបញ្ជាក់ថា អាជ្ញាធរខេត្ត នឹងប្រមូលទិន្នន័យ ផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាកសិករ នៅគ្រប់ទីកន្លែង ដើម្បី រាយការណ៍ជូនថ្នាក់ដឹកនាំ ស្នើសុំស្រូវពូជ សម្រាប់បងប្អូនធ្វើការដាំដុះឡើងវិញ ។ គូសបញ្ជាក់យ៉ាង ដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ដឹកនាំក្រុមការងារមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងពិនិត្យលើការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋ និងពិនិត្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង និងទន្លេមេគង្គ ស្ថិតក្នុងឃុំចំនួន ៣ នៃស្រុកកងមាស នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ នេះ ។


ក្នុងសកម្មភាព ចុះពិនិត្យដោយផ្ទាល់ លើទីតាំង ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិនោះ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ បានបង្កឲ្យប៉ះពាល់ដល់ផលដំណាំ ជាពិសេស ដំណាំស្រូវ របស់ប្រជាពលរដ្ឋ សរុប ៦៥៦ហិចតា និងខូចខាត ៤៧២ហិចតា នៅក្នុងឃុំចំនួន ៣ នៃស្រុកកងមាស គឺឃុំព្រែកក្របៅ ឃុំរាយប៉ាយ និងឃុំកងតាណឹង ។ ពេលនេះ អាជ្ញារ កំពុងចុះប្រមូលទិន្នន័យ នៃផលប៉ះពាល់ ទាំងដំណាំស្រូវ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅតាមបណ្ដាស្រុកមួយចំនួន នៃខេត្តកំពង់ចាម ដើម្បី បូកសរុបជារបាយការណ៍ ដាក់ជូនទៅគណៈកម្មការគ្រោះមហន្តរាយ ក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី បានពូជស្រូវ យកមកស្ដារការខូចខាតឡើងវិញ ៕


