នួន សត្យា

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរអង្គភាពជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យលើការងារបង្កបង្កេីនផល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង និងទន្លេមេគង្គ ស្ថិត ក្នុងឃុំចំនួន៣ ក្នុងស្រុកកងមាស។
បន្ទាប់ពីការចុះត្រួតពិនិត្យដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ បានបង្កឲ្យប៉ះពាល់ដល់ផលដំណាំ ជាពិសេសដំណាំស្រូវ របស់ប្រជាពលរដ្ឋ សរុប ៦៥៦ ហិកតា និងខូចខាត ៤៧២ ហិកតា ក្នុងឃុំចំនួន ៣ គឺឃុំព្រែកក្របៅ ឃុំរាយប៉ាយ និងឃុំកងតាណឹង ស្រុកកងមាស ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងគ្រោះធម្មជាតិ ដែលធ្វើឲ្យខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋខាងលើ អាជ្ញាធរខេត្តបានប្រមូលទិន្នន័យ ដើម្បីរាយការណ៍ជូនថ្នាក់ជាតិ ស្នើសុំស្រូវពូជ យកមកចែកជូនប្រជាពលរដ្ឋដើម្បីធ្វើការដាំដុះឡើងវិញ ៕

