ប្រជាពលរដ្ឋ​ត្រូវមាន​ការយល់ដឹង​ខ្ពស់​ មុន​ទិញ​ចំណីអាហារ​ នៅលើ​ទីផ្សារ​យកទៅ​បរិភោគ​

អត្ថបទដោយ៖ ​​លោក អឿន ស្រួ

សាខា​កាំកុងត្រូល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ត្រូវតែមាន​ការយល់ដឹង​ឲ្យ​ខ្ពស់​មុន​ទិញ​ចំណីអាហារ​នៅលើ​ទីផ្សារ​យកទៅ​បរិភោគ ព្រោះ​ចំណីអាហារ​មួយចំនួន​អាចជា​ទំនិញ​ខូចគុណភាព និង​គ្មាន​បច្ចេកទេស​ស្តង់ដារ​គុណភាព​ចំណីអាហារ​ត្រឹមត្រូវ​នោះទេ​។​

លោក ស៊ាន ស៊ីណា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ចាម បាន​ប្រាប់​វិទ្យុជាតិ​ខេត្តកំពង់ចាម​ថា សាខា​កាំកុងត្រូល​បានរួម​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​គណៈកម្មការ​ផ្សារ អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ ផលិតផល​កំប៉ុង គ្រឿង​សមុទ្រ និង​ទំនិញ​ជាច្រើន​មុខ​ទៀត​ដែល​ដាក់លក់​លើ​ទីផ្សារ​តាម​ទីប្រជុំជន​ទូទាំង​ខេត្តកំពង់ចាម ឃើញ​មាន​ទំនិញ​ខ្លះ​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់ ខ្លះ​គ្មាន​គុណភាព និង​ខ្លះទៀត​ខូចគុណភាព​។​

​លោក​បន្តថា តាម​ការចុះ​ត្រួតពិនិត្យ​នៅតាម​ទីផ្សារ​កន្លងទៅ គឺ​ធ្លាប់​ចាប់បាន​គ្រឿង​សមុទ្រ ខ្ញី​ហាន់ ដើម​ចេក​ហាន់ សណ្តែកបណ្តុះ និង​ស​សៃ​រ​គុយទាវ មាន​លាយ​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកទិញ​ទៅ​បរិភោគ​យ៉ាងខ្លាំង​។ លោក​បន្ថែមថា ទឹកម្ទេស​ម៉ាក​ខ្លះ​ដែល​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តកំពង់ចាម​សព្វថ្ងៃនេះ ក៏​មិនទាន់មាន​លក្ខណៈ​បច្ចេកទេស​ស្តង់ដារ​គុណភាព​ចំណីអាហារ​បាន​ត្រឹមត្រូវ​ដែរ​។ បញ្ហា​នេះ​លោក​ស្នើសុំ​ដល់​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ត្រូវ​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ផលិត​ផ្ទាល់​។​

​តាម​ការចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​លក់​កន្លងមក ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេត​បាន​ភា​គ​ច្រើន​នៅតាម​ផ្សារ​ប្រជុំជន​នៅ​តំបន់​ដាច់ស្រយាល មានដូចជា គ្រឿង​កំប៉ុង នំ​កញ្ចប់ និង​ស្ករ​គ្រប់​។ នេះ​ជាការ​បញ្ជាក់ របស់លោក ស៊ាន ស៊ីណា​។ លោក​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយឆ្នាំៗ​សាខា​កាំកុងត្រូល​បាន​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ ណែនាំ​អាជីវករ និង​អ្នកប្រើប្រាស់​បាន​ច្រើនដង​ណាស់ ពិសេស​តាមដាន​លើ​អាជីវករ​ដែល​ធ្លាប់ធ្វើ​កិច្ចសន្យា​ជាមួយ​សាខា​កាំកុងត្រូល​ពីមុនមក ថា​បាន​បញ្ឈប់​ការលក់ទំនិញ​គ្មាន​គុណភាព​ដែរឬទេ​។ ចំណែក​ទំនិញ​ឬ​ចំណីអាហារ​ខូចគុណភាព​ដែល​ដក់ហូត​បាន​ត្រូវ​ដុត​កំទិចចោល​ផងដែរ​។​

​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ចាម​រូបនេះ ក៏បាន​អំពាវនាវ​ដល់​អ្នក​ផលិត និង​អាជីវករ​ទាំងអស់​ត្រូវ​មាន​មនសិការ​ខ្ពស់ ដោយ​គិតគូ​អំពី​សុខភាព​អ្នកប្រើប្រាស់​ជាធំ ចំណែក​អ្នកទិញ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មុន​ទិញ​ចំណីអាហារ​ត្រូវ​ចេះ​មើល​ស្ថានភាព​ខាងក្រៅ មើល​ប្រភព​ទំនិញ មើល​ទីតាំង​ផលិត មើល​ថ្ងៃ​ផុតកំណត់​ប្រើប្រាស់ និង​មើល​ការដាក់​តាំង​លក់​មាន​អនាម័យ​ត្រឹមត្រូវ​ដែរឬទេ​៕