ផ្លូវខូចប្រវែង១៣៦៥ម៉ែត្រ ត្រូវបានអជ្ញាធរឃុំពាមជីកង និងស្រុកកងមាស ស្ថាបនាជាផ្លូវបេតុង

អត្ថបទដោយ៖ លោក ភ័ណ្ឌ ប៉ាង

ផ្លូវគ្រួសក្រហមមួយខ្សែដែលរងការខូចខាតយ៉ាងច្រើន នៅពេល​នេះ អជ្ញាធរឃុំពាមជីកង ស្រុកកងមាស បានស្ថាបនាជាផ្លូវបេតុង​ប្រវែង១៣៦៥ម៉ែត្រ ដើម្បីជួយដោះស្រាយទុក្ខលំបាក​របស់​ប្រជា​ពល​រដ្ឋដែល កន្លងមក តែងតែរអ៊ូរទាំថា ពិបាកធ្វើ​ដំណើរ​ឆ្លង​កាត់ នេះបើតាមការឲ្យដឹងពី លោក មេឃុំ កាលពីថ្ញៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២០នេះ។


លោក ប៉ូច ឆាយ មេឃុំពាមជីកង ស្រុកកងមាស មានប្រសាសន៍​ថា ក្នុងឆ្នាំ២០២០នេះ ក្រោមកិច្ចប្រជុំផែនការអភិវឌ្ឍន៍ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំបានសម្រេចកសាងផ្លូវបេតុងមួយខ្សែ ដែលមាន​ប្រវែង ១៣៦៥ ម៉ែត្រ ដោយតភ្ជាប់ពីគម្រោង កាលពីឆ្នាំ២០១៩ ហើយផ្លូវមួយខ្សែនេះ កន្លងមក ត្រូវបានប្រជាពលរដ្ឋ រាយការណ៍​ថា ពិបាកធ្វើដំណើរឆ្លងកាត់។ លោកបន្ថែមថា ផ្លូវបេតុងនេះ គឺ​បាន​​​ស្ថាបនារួចរួល កាលពីថ្ញៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ឆ្លងកាត់​ពីរ​ភូមិ គឺភូមិសំបូរមាស “ក” និងភូមិសាច់សូរ។


លោកបញ្ជាក់ថា ផ្លូវបេតុងប្រវែង១៣៦៥ ម៉ែត្រ ចែកចេញជាពីរ​គម្រោង ដោយគម្រោងទី១ គឺជាគម្រោង របស់ឃុំ ធ្វើផ្លូវបេតុង​ក្នុង​ភូមិសំបូរមាស“ក” ប្រវែង៦៨២ម៉ែត្រ ទទឹង៤ម៉ែត្រ ប្រើប្រាស់​កញ្ចប់ថវិកាមូលិធិឃុំ២០៥លានរៀល និង ទី២ គម្រោងស្រុក​កងមាស ធ្វើផ្លូវបេតុងក្នុងភូមិសាច់សូរ មានប្រវែង ៦៨៣ម៉ែត្រ ទទឹង៥ម៉ែត្រ ដោយប្រើប្រាស់ថវិកាអស់ចំនួន៣០៧លានរៀល។ សម្រាប់ផែនការអភិវឌ្ឍន៍ឆ្នាំ២០២១ អជ្ញាធរឃុំពាមជីកង នឹង​ស្ថាបនាផ្លូវបេតុងជាបន្ត ក្នុងភូមិសំបូរមាស៕