រដ្ឋាភិបាលមិនអនុញ្ញាតឲ្យពលករចំណាកស្រុកទៅធ្វើការក្រៅប្រទេសក្នុងវិបត្តិកូវីដ-១៩

អត្ថបទដោយ៖ អឿន ស្រួ

ដោយសារតែវិបត្តជំងឺឆ្លងកូវីដ១៩ កំពុងតែរាតត្បាតក្នុងប្រទេស និងក្នុងពិភពលោក រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យពលករចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសឡើយ ទោះបីការចំណាកស្រុកស្របច្បាប់ក៏ដោយ។ នេះបើតាមប្រសាសន៍របស់លោកស្រី ខៀវ សុជាតិ ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។


លោកស្រី ខៀវ សុជាតិ ចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ នៅវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម បានឲ្យដឹងទថា ដើម្បីរួមចំណែកការពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ប្រទេសកម្ពុជាតាមរយៈក្រសួងការងារ បានបិទពលករចំណាក់ស្រុក និងហាមមិនឲ្យក្រុមហ៊ុននាំពលករទៅរកការងារធ្វើនៅក្រៅប្រទេសជាដាច់ខាន ទោះបីការជាចំណាកស្រុកប្រភេទណាក៏ដោយ។ លោកស្រីបន្តថា ភាគច្រើនពលករទៅធ្វើការងារនៅប្រទេសថៃ ដែលពេលនេះក៏បានបិទមិនទទួលយកពលករបរទេសដែរ ដូច្នេះបើមានអ្នកអូសទាញ ឬមេខ្យល់សន្យាថានាំទៅធ្វើការនៅក្រៅប្រទេស នោះគឺខុសច្បាប់ហើយ សូមប្រជាពលរដ្ឋកុំចាញ់បោក ហើយត្រូវរាយការណ៍ទៅអាជ្ញាធរ ឬមន្ទីរការងារ ដើម្បីស្វែងរកជនខិលខូចនោះមកអនុវត្តតាមច្បាប់។


លោកស្រី ខៀវ សុជាតិ បានបន្ថែមថា កន្លងទៅមន្ទីរការងារខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង ហើយបានសហការជាមួយនឹងអង្គការអន្តរជាតិខាងការងារ (ILO) និងអ្នកពាក់ព័ន្ធនានា ដូចជា គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីគៀគរធនធាន ក្នុងការជួយទាំងការទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ពិសេសបានជួយពលករដែលធ្វើចំណូលស្រុកវិញ ក្នុងវិបត្តិកូវីដ១៩នេះ នៅក្នុងខេត្តកំពង់ចាម។


លោកវរសេនីយទោ ថុល ម៉េង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញចាប់បានមេខ្យស់ម្នាក់ដែលបាននាំស្រ្តីខ្មែរទៅរៀបការជាមួយបុរសជនជាតិចិនដោយខុសច្បាប់មកផ្តន្ទាទោសតាបច្បាប់។ លោកវរសេនីយទោបន្ថែមថា ជៀសវាងការចាញ់បោកល្បិចកលជនខិលខូច សូមប្រជាពលរដ្ឋកុំឆាប់ជឿខ្លាំងគេពេក ហើយត្រូវតែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងហ៊ានរាយការណ៍៕