
កំពង់ចាម៖ ដេីម្បីធ្វើការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្តាសាយបក្សី មន្រ្តីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានបន្តយុទ្ធនាការផ្សព្វផ្សាយជម្ងឺផ្តាសាយបក្សី និងវិធានការការពារ ដោយបាញ់ថ្នាំសម្លាញ់មេរោគនៅតំបន់ដែលធ្លាប់រងការផ្ទុះជម្ងឺមួយនេះ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម បានចាត់មន្ត្រីជំនាញសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះធ្វេីជីវសុវិត្ថភាពនៅតំបន់ដែលមានហានិភ័យលេីជម្ងឺផ្ដាសាយបក្សី និងបានណែនាំដល់កសិករ ស្តីពីជម្ងឺផ្ដាសាយបក្សី និងវិធានការណ៍ការពារ ក្នុងភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។ បច្ចុប្បន្ននេះមន្ត្រីជំនាញកំពុងតាមដាន និងរង់ចាំទទួលព័ត៍មានពីបងប្អូនប្រជាពលរដ្ឋជានិច្ច ប្រសិនមេីលករណីណាសង្ស័យ មន្ត្រីពេទ្យសត្វខេត្ត នឹងធ្វេីការចុះទប់ស្កាត់ភ្លាមដោយបាញ់ថ្នាំសម្លាប់មេរោគនៅនឹងកន្លែង។

ទន្ទឹមនឹងនេះដែរ ក្នុងការចុះបាញ់ថ្នាំសម្លាប់មេរោគបង្ការជម្ងឺឆ្លងផ្តាសាយបក្សីនៅតំបន់នេះ មន្ត្រីជំនាញពេទ្យសត្វ ក៍បានផ្សព្វផ្សាយ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វទាំងអស់ រួមកន្លែងសត្វត្តឃាតទាំងអស់ ចេះតាមដានសុខភាពសត្វចិញ្ចឹម និងសម្អាតបរិស្ថានជុំវិញ ប៉ុន្តែប្រសិនបេីមានការសង្ស័យ ឬសត្វបក្សីងាប់ ត្រូវសហការនិងរាយការណ៍មកមន្ត្រីពេទ្យភូមិភ្លាមៗ ដេីម្បីរួមគ្នាចាត់វិធានការការពារទប់ស្កាត់ជំងឺមួយនេះកុំឆ្លងរីករាលដាលទៀត។
គូសបញ្ជាក់ថា កន្លងមកក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានតំបន់មួយចំនួនដែលធ្លាប់ផ្ទុះជម្ងឺផ្តាសាយបក្សី រួមមាន៖ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ, ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ និងក្នុងឃុំគរ ស្រុកព្រៃឈរជាដេីម៕


