ឯកឧត្ដម អ៊ុន ចាន់ដា បង្ហាញនូវសមិទ្ធផល សំខាន់ៗមួយចំនួន ដែលខេត្តកំពង់ចាម សម្រេចបាន ក្នុងឆ្នាំ២០២២ កន្លងទៅ

ចិន សារ៉ាត

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ របស់រដ្ឋបាល ខេត្តកំពង់ចាម ដែលប្រារព្ធធ្វើឡើង នាថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៣ នៅសាសសន្និសីទសាលា ខេត្តកំពង់ចាម នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ មួយចំនួន ដែលសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ។ សន្និបាតនេះ មានការអញ្ជើញចូលរួមជាអធិបតី  ពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីជាអភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន ជាច្រើន រូបទៀត ផងដែរ ។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗមួយចំនួន ដែលយើងបានខិតខំរួមគ្នាពុះពារសម្រេចបានក្នុងឆ្នាំកន្លងទៅ  ជាអាទិ៍មាន ៖ ទី១.ការងារសន្តិសុខ សណ្តាប់ធ្នាប់ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានបន្តសហការ នឹងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រការចូលរួម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត ។ ជាមួយគ្នានេះ ការងារបង្ក្រាបបទល្មើស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសស្រាក់ស និងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន ការគ្រប់គ្រងវត្តមានជនបរទេសអន្តោប្រវេសន៍ ក៏ត្រូវបានយកចិត្តទុកដាក់ជាបន្ថែមទៀត និងកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។ ទី២.ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២២ មានចំនួន ២០៩គម្រោង ក្នុងនោះ ប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ចំនួន ២៣គម្រោង ដោយបានរៀបចំកិច្ចលទ្ធកម្ម និងចុះកិច្ចសន្យាទាំង ២៣គម្រោង និងបានអនុវត្តបញ្ចប់គម្រោង ១០០% ចំនួន ២៣គម្រោង។ មូលនិធីក្រុង-ស្រុក គម្រោងមូលនិធិក្រុង-ស្រុកបានចំនួន ៤៩គម្រោង។ គម្រោងទាំងនោះត្រូវបានពិនិត្យលើភាពត្រឹមត្រូវ នៃសំណើគម្រោង និងសម្របសម្រួល ជាមួយមន្ទីរជំនាញ ដើម្បី ពិនិត្យបញ្ជាក់បច្ចេកទេស ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។ មូលនិធិឃុំ-សង្កាត់ ចំនួន ១៣៧គម្រោង ដោយមានការជួយសម្របសម្រួលសិក្សារៀបចំឯកសារនានា ពីមន្ត្រីគាំទ្របច្ចេកទេស និងទីចាត់ការផែនការ និងវិនិយោគ ត្រូវបាន ពិនិត្យលើភាពត្រឹមត្រូវ នៃសំណើគម្រោង និងសម្របសម្រួលជាមួយមន្ទីរជំនាញ ដើម្បីពិនិត្យបញ្ជាក់បច្ចេកទេស ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។ ជាលទ្ធផល គម្រោងទាំង ១៣៧គម្រោង បានបញ្ចប់កិច្ចសន្យាបានចំនួន ៣៥គម្រោង បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ១៣៣គម្រោង កំពុងអនុវត្តចំនួន ២គម្រោង និងមិនទាន់បានអនុវត្តចំនួន ២គម្រោង ។ ទី៣.ការផ្តល់សេវាសាធារណៈអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក បានលើកកម្ពស់គុណភាព ប្រសិទ្ធភាពរហ័ស តម្លាភាព និងគណនេយ្យភាព តាមរយៈ ការប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាល លើវិស័យនានា នៅនឹងកន្លែងតែមួយធានានូវការបង្ខិតសវាកៀកនឹងជិតប្រជាពលរដ្ឋ។ ជាក់ស្តែង អង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្ត បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣២.៨៩៥សេវា និងចំនួន ១៩០.៦២៤សវា នៅតាមការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក ។ និងទី៤.ការដោះស្រាយសំណើរសំណូមពរ របស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងដោះស្រាយសំណើរ សំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋាន ដែលប្រជាពលរដ្ឋបានលើកឡើង តាមរយៈ វេទិការរបស់ក្រុមប្រឹក្សាខេត្ត និងការចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងតាមរយៈ បណ្តាញសង្គម ។

ទន្ទឹមជាមួយនឹងសមិទ្ធផលទាំងនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានលើកទឹកចិត្ត ដល់លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាតផ្តល់នូវការគាំទ្រ និងចូលរួមខិតខំអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បី ពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹង ការផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅការងារឆ្នាំ២០២៣ នេះ ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត ផងដែរ​ ៕