សប្បុរសជន បន្ត​ផ្ដល់​អំណោយ​ជូន​រដ្ឋបាល ខេត្តកំពង់ចាម ​ដើម្បី ចូលរួម​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ ១៩

ចិន សារ៉ាត

​នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ ១៩ និង​ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត បាន​អញ្ជើញ​ទទួល​អំណោយ​ពី​សប្បុរសជន ដើម្បី ចូលរួម​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ចាម ។

សប្បុរសជន ដែល​នាំ​អំណោយ​ផ្ដល់ជូន រដ្ឋបាលខេត្ត​កំពង់ចាម នាឱកាស​នោះ មាន ៖
-​សមាគមន៍​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឧបត្ថម្ភ ទឹក​អាល់កុល ៣.០០០​លីត្រ ។​
-​លោក ជា ថុង ប្រធាន​សាខា Food Panda ខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាស់​ចំនួន ១៥០​ប្រអប់ ទឹក​អាល់កុល ៩០​លីត្រ ដប​ទឹក​ក្ដៅ​ចំនួន ២៤​ដប សៀវភៅ​ចំនួន ៦០​ក្បាល ឆ័​ត្រ​ចំនួន ១០ និង​ផ្លិត​បក់​ចំនួន ៣០០​ផ្លិត ។
-​នាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត និង​សហការី ឧបត្ថម្ភ​ម៉ាស់​ចំនួន ៥.០០០​ម៉ាស់ ទឹក​អាល់កុល​ចំនួន ៦០​លីត្រ ទឹកបរិសុទ្ធ​ចំនួន ២០​កេស និង​មី​ចំនួន ១០​កេស ។​

​នាឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ថ្លែង​អំណរ​អរគុណ ចំពោះ លោក លោកស្រី ជា​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា ជួយឧបត្ថម្ភ​នូវ​អំណោយ​ទាំងនេះ ដល់​រដ្ឋបាលខេត្ត ដើម្បី គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ក្នុងអំឡុងពេល​ឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ និង​គ្រួសារ​ផ្សេងៗ​ទៀត ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក របស់​រដ្ឋបាល ខេត្តកំពង់ចាម ។ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​បញ្ជាក់ដែរថា ក្រៅពីនោះ អំណោយ​មនុស្សធម៌​ទាំងអស់នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ជាមួយ​រដ្ឋបាលខេត្ត ក៏ដូចជា រាជ​រដ្ឋ​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាតត្បាត នៃ​ជម្ងឺ​កូ​វីដ ១៩ ជាពិសេស បាន​ឆ្លើយតប​ភ្លាមៗ ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ខណៈដែល ជម្ងឺ​ដ៏​កាច​សាហាវ​នេះ កំពុង​គម្រាមកំហែង ដល់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ នៅក្នុង​សកលលោក ជា​រៀងរាល់ថ្ងៃ ផងដែរ ៕