អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី រាជការ​កាន់បិណ្ឌ​វេន​ទី​១១ នៅ​វត្ត​ខែល​ជ័យ ស្រុក​កំពង់សៀម ជា​វត្ត​ទី​៧

អត្ថបទ៖ នួន សត្យា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ

អភិបាលខេត្ត​កំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់​ដា នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ ២០២០​នេះ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីរាជការ ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១១ នៅ​វត្ត​ខែល​ជ័យ ស្ថិតក្នុង​ឃុំ​អូរ​ស្វាយ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ជា​វត្ត​ទី​៧ ហើយ ក្នុងកំឡុងពេល​បុ​ណ​កាន់បិណ្ឌ កន្លងទៅនេះ​។

​បន្ទាប់ពី​ធ្វើ​កិច្ច​សមាទានសីល​រួចមក គណៈកម្មការ​អាចារ្យវត្ត​ខែ​ជ័យ បានប្រកាសថា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ញូ​ង ចរិយា រួមជាមួយ​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត​មានដូចជា ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មកកាន់​បិណ្ឌ​វេន​ទី ១១ នៅ​វត្ត​ខែល​ជ័យ​នាពេលនេះ ក្នុង​គោលបំណង​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា​ផង និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ វេ​ដើម្បី​បញ្ជូន​បាន​ដល់​បុព្វការី​ជន នឹង​ទទួល​កុសល ផល​បុណ្យ​រៀងៗ​ខ្លួន​ផងដែរ ។

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត និង​ក្រុមការងារ បាន​នាំមក​នូវ​ទេយ្យវត្ថុ​បច្ច័យបួន ប្រគេន​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ មានដូចជា ជ័យ​វរ​បច្ច័យ បិណ្ឌបាតបច្ច័យ សេនាសនៈបច្ច័យ និង​គិលាន​ភេសជ្ជ​បច្ច័យ ទុក​សម្រាប់​ប្រើប្រាស់​។ ទន្ទឹម​និង​នោះ លោក​អភិបាលខេត្ត ក៏បាន​ចូល​ជា​បច្ច័យ​សម្រាប់​កសាង​ក្នុង​វត្ត​អារាម​ខែល​ជ័យ នូវ​ថវិកា​ចំនួន ៤ លាន​រៀល​ផងដែរ ។​