ក្រុម​បណ្តាញ​យុវជន​អាជីវកម្ម ជួប​ជាមួយ​ម្ចា​សើ​សិប្បកម្ម​ផលិត​ចេកឆាប ដំឡូង​ឆាប ដើម្បី​ដកស្រង់​បទពិសោធន៍

នួន សត្យា

(​កំពង់ចាម​)៖ ក្រុម​បណ្តាញ​យុវជន​អាជីវកម្ម នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចុះ​ទស្សនកិច្ច ជួប​ជាមួយ​ម្ចាស់​សិប្បកម្ម​ផលិត ចេកឆាប ដំឡូង​ឆាប ស្ថិតនៅ​ភូមិ​តា​រៀម ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដើម្បី​យក​បទពិសោធន៍ និង​ទំនាក់ទំនង​គ្នា​ធ្វើ​អាជីវកម្ម​ទៅ​ថ្ងៃ​ខាងមុខ ។

​តាម មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា មន្ទីរ​ពាណិជ​កម្ម​ខេត្ត សហការ​ជាមួយ​អង្គការ អភិវឌ្ឍន៍ សហគមន៍ (NAS) បាន​សម្របសម្រួល​ក្រុម​បណ្ដាញ​អាជីវកម្ម យុវជន បាន ធ្វើ​ទស្សនកិច្ច​សិក្សា ដកស្រង់​បទពិសោធន៍ ជាមួយ​ម្ចាស់​អាជីវកម្ម​ផលិត​ចេកឆាប ដំឡូង​ឆាប នៅផ្ទះ​លោក​លី សុខា ស្ថិតនៅ​ភូមិ​តា​រៀម ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ការរៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ​ឡើង ក្នុង គោលបំណង ផ្តល់ឱកាស​ដល់​ក្រុម​បណ្ដាញ​អាជីវកម្ម​យុវជន បាន​ស្គាល់ និង​មាន​ទំនាក់ទំនង​គ្នា បាន​រៀនសូត្រ នូវ​បទពិសោធន៍​ធ្វើ​អាជីវកម្ម និង​ការគ្រប់គ្រង​ជំនាញ​ផលិត និង​ខ្សែសង្វាក់​ផលិតកម្ម ពី​សិប្បករ ព្រមទាំង​អាច​ចាប់​ជា​ដៃគូ អាជីវកម្ម​ជាមួយគ្នា​បាន​ផងដែរ នាពេលខាងមុខ​។​