ស្រ្តីឈ្មោះ នឿន ជាន នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ដែលមានជំងឺ មហារីកសុដន់ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អភិបាលរងខេត្ត ក្នុងនាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានជួយសម្របសម្រួល ធ្វើប័ណ្ណសមធម៌ជូនលោកស្រី និងណែនាំ ឲ្យអាជ្ញាធរ និងមន្ទីរពេទ្យបង្អែកស្រុក បញ្ជូនអ្នកជំងឺ យកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ ។
តាមប្រភព បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា អ្នកស្រី នឿន ជាន មានប្តី ឈ្មោះ ណោះ ស្រស់ អាយុ ២៦ឆ្នាំ និងមានកូនក្នុងបន្ទុក ចំនួន ០៤នាក់ រស់នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ កន្លងមក ស្ត្រីរូបនេះ ត្រូវបានក្រុមគ្រួសារ យកមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ប៉ុន្តែ ដោយសារអាការៈជម្ងឺធ្ងន់ធ្ងរ និងជីវភាពជួបការលំបាក ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ក៏បានចាត់ឲ្យអភិបាលរងខេត្តមួយរូប សហការជាមួយ អាជ្ញាធរស្រុកចំការលើ និងស្ថាប័នជំនាញ ជួយអន្តរាគមន៍ បញ្ចូនស្ត្រីខាងលើ ទៅព្យាបាលបន្ត នៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ វិញ ។
ដោយឡែក បើតាមប្រភពពី មន្ត្រីទទួលបន្ទុក នៃរដ្ឋបាលស្រុកចំការលើ បញ្ជាក់ឲ្យដឹងដែរថា ខណៈពេលដែល ពួកគាត់ និងក្រុមគ្រូពេទ្យជំនាញ កំពុងបន្តតាមដានស្ថានភាពអ្នកជំងឺផ្ទាល់ និងជំនួសមុខឲ្យ ក្រុមគ្រួសារអ្នកជម្ងឺ ផងនោះ ក៏បានថ្លែងអរគុណ ចំពោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានជួយអន្តរាគមន៍ ស្ត្រីខាងលើ ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ទាន់ពេលវេលា និងសូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ៕