(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យក្រុមការងារចល័តរបស់ស្នងការនគរបាលខេត្ត ក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ។
ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្ស អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា ក្មួយៗសិស្សានុសិស្ស ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ជាប់រវល់ការសិក្សា ទើបលោក បានចាត់ក្រុមការងារចល័ត នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចុះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនក្មួយៗ សិស្សានុសិស្ស តាមសាលារៀនតែម្ដង ដែលមកដល់ពេលនេះ ក្រុមការងារចល័ត បានអនុវត្តយុទ្ធនាការ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្សបាន ២១ វិទ្យាល័យហើយ ចំពោះនៅវិទ្យាល័យដែលមិនទាន់បានធ្វើ ក្រុមការងារ និងអនុវត្តទៅតាមផែនការបន្តទៀត ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងផែនការឆ្នាំ ២០២៤ នេះ សមត្ថកិច្ចអាជ្ញាធរខេត្តត្រូវខិតខំការធ្វើអត្តសញ្ញាណប័ណ្ណផ្ដល់ជូន ប្រមាណជា ១១៧,៦១១នាក់ ក្នុងនោះអ្នកដែលត្រូវផ្ដល់ថ្មី ១៧,៧៩១ នាក់ និងផ្ដល់ទុតិយតាប្រមាណ ១០ ម៉ឺនសន្លឹក ។ ដូច្នេះការកសាងផែនការប្រចាំឆ្នាំ គឺផ្ដោតទៅលើអត្តសញ្ញាណប័ណ្ណសម្រាប់ ក្មួយៗ ដែលគ្រប់អាយុ ១៥ឆ្នាំឡើងទៅ ។ ចំពោះអ្នកដែលមានហើយប៉ុន្តែអត្តសញ្ញាណប័ណ្ណខូច ឬហួសសុពលភាព ក្រុមការងារនិងធ្វើទុតិយតា ជូន។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ និងនាយកសាលា សូមជួយសហការធ្វើយ៉ាងណាដើម្បីផ្ដល់លទ្ធភាព បង្កនូវលក្ខណៈងាយស្រួលដល់សមត្ថកិច្ចយើងផង និងក្មួយៗសិក្សានុសិស្ស ដើម្បីក្មួយៗ សិស្សានុសិស្ស បានទទួលអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា ចូលទៅប្រើប្រាស់ជាប្រយោជន៍ផ្លូវច្បាប់ និងសម្រួលដល់ការរស់នៅ និងការទំនាក់ទំនងផ្សេងៗ ដែលត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណនេះ ៕