ឯកឧត្តម ហ៊ុន ម៉ានិត ៖ សមិទ្ធផលនានា មានរីកចំរើនទៅបាន គឺមិនខ្វះបាន ដោយការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយឡើយ

ចិន សារ៉ាត

ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយកករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា សមិទ្ធផលនានា ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ មានរីកចំរើនទៅបាន គឺមិនអាចខ្វះបាន ដោយការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយឡើយ ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញជាតំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងពិធិសម្ពោធឆ្លងមហាកុដិ អគារសិក្សា និងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី ស្ថិតនៅក្នុងភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់  ខខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អភិបាលរងខេត្ត និងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ តំណាងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រួ និងក្មួយៗសិស្សានុសិស្ស ជាច្រើននាក់ ផងដែរ ។

ឯកឧត្ដម ហ៊ុន ម៉ានិត មានប្រសាសន៍ថា នាថ្ងៃនេះ សមិទ្ធផល ដែលយើងទាំងអស់គ្នា បានរួមគ្នាកសាងឡើង ស្ថិតនៅក្នុងវត្តមុនីរង្សី ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់រួមជាមួយគ្នា ។ ឯកឧត្ដម បញ្ជាក់ថា សមិទ្ធផលទាំងនេះ បានកើតឡើង ដោយការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជន ពីទីជិតឆ្ងាយ ក្រោមការជឿជាក់ និងការដឹកនាំ របស់ព្រះចៅអធិការ ជាពិសេស ភាពឆ្លាវៃ របស់ព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ក្នុងការកៀងគរថវិកា ពីសប្បុរសជន ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បី ដោះស្រាយការងារប្រចាំថ្ងៃ និងការអភិវឌ្ឍទីអារាមរបស់ខ្លួន ពោលគឺ វត្តអារាមនីមួយៗ ពុំមានប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បី យកមកផ្គត់ផ្គង់ព្រះសង្ឃ ក៏ដូចជា កិច្ចការមួយចំនួនទៀត រួមទាំង ការកសាងសមិទ្ធផលនានា នៅក្នុងវត្ត បាននោះឡើយ ។ ឯកឧត្ដម បញ្ជាក់ដែរថា លើសពីនេះទៅទៀតនោះ កសាងសមិទ្ធផល នៅក្នុងវត្តអារាមនីមួយៗ គឺមិនចេះនោះទេ ។ ជាក់ស្ដែង នាថ្ងៃនេះ យើងបានសម្ពោធមហាកុដិ និងសមិទ្ធផលមួយចំនួនទៀត ហើយនាថ្ងៃខាងមុខ យើងនឹងមានកសាងនូវសមិទ្ធ ជាបន្តបន្ទាប់ទៀត ពោលគឺ អាស្រ័យទៅលើធនធានដែលយើងមាន ផងដែរ ។ ដូច្នេះ ការកសាងសមិទ្ធផលនៅទីនេះ ត្រូវទាមទារឲ្យមានការចូលរួមចំណែក ពីពុទ្ធបរិស័ទ ក៏ដូចជា សប្បុរសជន ជាប្រចាំ និងតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បី លើកកម្ពស់តម្លៃ នៃវិស័យព្រះពុទ្ធសាសនា ឲ្យថ្កុំថ្កើងរុងរឿង ទ្វេរឡើងថែមទៀត ។ 

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា វត្តមុនីរង្សី «ហៅវត្តថ្មី» ជាវត្តមួយក្នុងចំណោមវត្តទាំង ៤៣ នៅក្នុងស្រុកស្ទឹងត្រង់ ។ វត្តនេះ កសាងឡើងនាអំឡុងឆ្នាំ១៩៥១ ។ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តនេះត្រូវបានពួកវា បំផ្លាញសមិទ្ធផលខ្ទេចខ្ទី និងយកធ្វើជាគុក ដាក់មនុស្ស ជាឃ្លាំងស្រួវ ថែមទាំងយកមនុស្ស ទៅសម្លាប់ នៅបរិវេណវត្តនេះ ទៀតផង ។ ក្រោយថ្ងៃរំដោះ ៧មករា ពុទ្ធបរិស័ទ ក៏បានរៀបចំវត្តនេះឡើងវិញ ដោយប្ដូរទីតាំងពីវត្តចាស់ មកទីតាំងថ្មី ស្ថិតនៅក្នុងភូមិអូរុន ឃុំខ្ពបតាងួន ។ ដោយមានការជ្រោមជ្រែង ពីសំណាក់ឧបាសិកា ប៊ុន ស៊ាងលី និងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំង សប្បុរសជនជិតឆ្ងាយ បាននាំគ្នាកសាងឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ។ ដោយឡែក ក្រៅពីសមិទ្ធផលចាស់ សមិទ្ធផលថ្មី ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន ៖ ឧបដ្ឋានសាលា មហាកុដិ កម្ពស់ ២ជាន់ ដងទង់ ១គូរ ការចាក់បេតុងជុំវិញព្រះវិហារ រួមនឹងអគារសិក្សា ១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាអូរុន ស្ថិតនៅក្នុងបរិវេណវត្តមុនីរង្សី នេះ ផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ  ឯកឧត្តម ហ៊ុន ម៉ានិត បាននាំអំណោយរបស់ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនតាជី យាយជី ៨០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៤៧នាក់ និងគ្រូពេទ្យមណ្ឌលសុខភាព ០៧នាក់ ម្នាក់ៗថវិកា ៤ម៉ឺនរៀល ក្មួយៗសិស្សានុសិស្ស និងយុវជនទាំង ៧ក្រុម សរុប ២២០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល ប្រជាការពារ ១៣៣នាក់ ម្នាក់ៗថវិកា  ២ម៉ឺនរៀល ។ ឧបត្ថម្ភថវិកា កម្លាំងទាំង៣ និងប៉ុស្តិ៍រដ្ឋបាលខ្ពបតាងួន ក្នុង ១អង្គភាពៗថវិកា ៥០ម៉ឺនរៀល សាលាឃុំខ្ពបតាងួនថវិកា ៥០ម៉ឺនរៀល ឧបត្ថម្ភសាលាស្រុកស្ទឹងត្រង់ថវិកា ១០លានរៀល និងប្រគេនបច្ច័យវត្តសម្រាប់កសាងសមិទ្ធផលបន្តទៀតចំនួន ៨លានរៀល ផងដែរ ៕