លី ស៊ីយ៉ា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប៉ុត ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែន កម្ពុជា-វៀតណាម ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និងប្រតិភូអបដំណើរ ក៏បានអញ្ជើញគោរពវិញ្ញាក្ខន្ធ និងចងចាំនូវឧបការគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និង បុព្វបុរសដែលពលី មរណៈ ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីការធ្វើទារុណកម្ម ការកាប់សម្លាប់យ៉ាងសាហាវ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺជាគំរប់ ៤៧ឆ្នាំ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) ដែលសម្ដេចតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមជាមួយយុទ្ធមិត្តស្ម័គ្រស្មោះចំនួន ៤រូបផ្សេងទៀត បានសម្រេចចិត្តចាកចេញពីទឹកដី ចាកចេញពីឧត្តមភរិយា ចាកចេញពីកូនជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុត ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនចេញពីរបស់ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវឃោឃៅជាទីបំផុត ។
ទន្ទឹមនិងនេះ ការសាងសង់សមិទ្ធផលនានានៅទីតាំងនោះ មានវត្ថុបំណង ដើម្បីចារទុកប្រវត្តិសាស្ត្រសម្រាប់មនុស្សគ្រប់ជំនាន់ ពិសេសអប់រំយុវជន និងមនុស្សជំនាន់ក្រោយ ឲ្យបានដឹង និងចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជា បានឆ្លងកាត់នូវសោកនាដកម្មដ៏ព្រៃផ្សៃ និងដើម្បីរំលឹកដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតដល់សព្វថ្ងៃ៕




